ពិភពលោក​នឹងដាក់​ទណ្ឌ​ធ្ងន់​លើ​កូរ៉េខាងជើង​ក្រោយ​បាញ់​សាកល្បង​អាវុធ​អ៊ី​ដ្រូ​ហ្សែ​ន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2016 ក+ ក-

សេ​អ៊ូ​ល​៖​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​ប្តេជ្ញាចិត្ត​ថា នឹងដាក់​ទណ្ឌកម្ម​ធ្ងន់​ឲ្យ​សម​ទៅនឹង​ទង្វើ​ព្រហើន​របស់​កូរ៉េខាងជើង ដែល​បានធ្វើការ​សាកល្បង​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន​ដែលជា​គេ​ចាត់ទុកថា ជា​អាវុធ​ប្រល័យ​លោក​ដ៏​គ្រោះថ្នាក់​បំផុត​។​
​កូរ៉េខាងត្បូង​ដែលជា​ប្រទេស​បងប្អូន​បង្កើត​របស់​កូរ៉េខាងជើង​បាន​សម្តែង​ការខឹង​សម្បា​ខ្លាំងជាងគេ ទៅនឹង​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ដែល​របប​ព្យុងយ៉ាង​ខ្លួនឯង អះអាងថា ជា​គ្រាប់បែក​ប្រភេទ​អ៊ី​ដ្រូ​ហ្សែ​ន​នោះ​។ ទន្ទឹម​នោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រជាជន​កូរ៉េ​ជាច្រើន​រយ​នា​ក់នៅ​ក្រុង​សេ​អ៊ូ​ល បានធ្វើ​បាតុកម្ម​ដុត​រូបថត​មេដឹកនាំ​វ័យក្មេង​ចិត្តសឿង​របស់​កូរ៉េខាងជើង​។​
​ជប៉ុន និង​កូរ៉េខាងត្បូង​បានទាមទារ​ឲ្យ​សហគម​អន្តរជាតិ​ដាក់ទណ្ឌកម្ម​ឲ្យ​ធ្ងន់ និង​មាន​ប្រសិទ្ធភាព ទៅលើ​របប​ផ្តាច់ការ​ព្យុងយ៉ាង គ្រា​ដែល​ម្តង​ហើយ​ម្តងទៀត​តែងតែ​រំលោភ​លើ​សេចក្តីសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ​។ ដោយឡែក​រដ្ឋាភិបាល​អ​ង់​គ្លេ​ស បាន​កោះហៅ​អគ្គរដ្ឋទូត​កូរ៉េខាងជើង ប្រចាំ​ទីក្រុង​ឡុង​ដ៍ ដើម្បី​ធ្វើការ​សាកសួរ និង​ថ្លែងប្រាប់​ពី​ការព្រួយបារម្ភ របស់​អង់គ្លេស ជុំវិញ​សកម្មភាព​កម្រោល​របស់​កូរ៉េខាងជើង​ផងដែរ​។
​គួរ​បញ្ជាក់ថា សកម្មភាព​ផលិត​គ្រាប់​នុយក្លេអ៊ែរ របស់​កូរ៉េខាងជើង​កាន់តែ​បោះជំហាន​ទៅមុខ​កាន់តែខ្លាំង និង​កំពុង​គម្រាមកំហែង​ដល់​សន្តិសុខ​របស់​ពិភពលោក​ទាំងមូល គ្រា​ដែល​ប្រជាជន​កូរ៉េខាងជើង​ជាង​២០​លាន​នាក់ កំពុង​រស់នៅក្នុង​ភាពក្រីក្រ​លំបាក​វេទនា​ជាទីបំផុត​៕

2016-01-07T071918Z_1002971135_GF20000086372_RTRMADP_3_NORTHKOREA-NUCLEAR