ភ្នំពេញ៖នារីម្នាក់បានធ្លាក់ពីលើអាគារសំណង់មួយកន្លែងខណៈពេលកំពុងធ្វើការសែងកំបោរទៅអោយជាងស្រាប់តែរអិលធ្លាក់ពីលើសំណង់អាគារកំពស់ជាន់ទី៦នោះតែម្តង ប៉ុន្តែអ្នកគ្រប់គ្រងការដ្ឋានសំណង់នេះបានព្យាយាមបិទបាំងនូវឧប្បត្តិហេតុគួរឲ្យរន្ធត់នេះមិនឲ្យអ្នកសារព័ត៌មានដឹងនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅការដ្ឋានសំណង់មួយកន្លែងតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ភូមិចុងថ្នល់ខាងលិច ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីបងប្អូននារីរងគ្រោះបានប្រាប់អោយដឹងថានារីរងគ្រោះខាងលើឈ្មោះយន់ ស្រីស្រស់ ភេទស្រីអាយុ១៧ឆ្នាំ ស្នាក់នៅកន្លែងការដ្ឋានសំណង់កើតហេតុខាងលើ មានស្រុកកំណើតនៅភូមិអង្គស ស្រុកមេសាង ខេត្តព្រៃវែង។
ប្រភពព័ត៌មានបន្តបានប្រាប់អោយដឹងទៀតថានៅមុនពេលកើតហេតុនារីរងគ្រោះបានឡើងទៅលើការដ្ឋានសំណង់ជាន់ទី៦លាយកំបោរយកទៅអោយជាងបៀករៀបឥដ្ឋលុះដល់វេលាកើតហេតុខាងលើនារីរងគ្រោះបានយកឈើមកសែងកំបោរជាមួយនារីម្នាក់ទៀត ខណៈពេលសែងមកដល់កន្លែងកើតហេតុស្រាប់តែរអិលផ្ងាកទៅក្រោយបណ្តាលអោយធ្លាក់ពីកំពស់ជាន់ទី៦មកដល់ដីត្រូវបានក្រុមការងារបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យព្រះកុសមៈ ចំណែកនារីម្នាក់ទៀតដែលសែងជាមួយនារីរងគ្រោះបានស្រវ៉ាតោងចំរ៉ឹងបង្អួចជាប់មិនបណ្តាលអោយធ្លាក់មានរបួសទេ។
បច្ចុប្បន្ននារីរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យព្រះកុសមៈ រហូតមកដល់ពេលនេះនារីរងគ្រោះមិនទាន់ដឹងខ្លួននៅឡើយទេ៕ដោយ៖ស សាម