ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជា នឹងស្នើសុំអាជ្ញាធរនៃសាធារណរដ្ឋកូរ៉េដើម្បីស្រាវជ្រាវតាមចាប់ខ្លួនយុវជន៤នាក់ដែលឈរលើករូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយជេរប្រមាថរួមនិងការដុតរូបថតនោះទៀតផង ដែលត្រូវបានគេបង្ហោះក្នុងហ្វេសប៊ុកកាលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ។
ជាករណីគួរឲ្យភ្ញាក់ផ្អើលថ្មីទៀត ខណៈគេឃើញវីដេអូឃ្លីបរយៈពេលប្រមាណជិត ៨នាទី ក្នុងហ្វេសប៊ុកមានយុវជនខ្មែរ៤នាក់ដែលអះអាងថាជាកម្មករធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានលើកបង្ហាញរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមនិងការដៀលប្រមាថយ៉ាងចាស់ដៃ រួចហើយដុតរូបថតនោះថែមទៀតផង។វិដេអូជិត៨ នាទីនោះ ត្រូវបានគេបង្ហោះតាមហ្វេសប៊ុក កាលពីថ្ងៃទី៨មករា និងបន្តដល់ថ្ងៃទី៩ ខែមករា នេះ។
លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៨ ខែមករា ថា នៅឆ្នាំ២០១៦នេះ យើងនឹងធ្វើការយ៉ាងហ្មត់ចត់ជាមួយភាគីកូរ៉េ ក្នុងការបោសសំអាតជនបាតសង្គម ពីទឹកដីកូរ៉េអោយអស់។ ឆ្នាំ២០១៦ នឹងធ្វើការបោសសំអាត ដោយសាររយៈពេល ២ឆ្នាំហើយ ដែលខ្ញុំតែងអង្វរដល់ភាគីកូរ៉េ អនុគ្រោះដល់ពលករខ្មែរ កុំអោយគេចាប់ ឬធ្វើទុក្ខបុកម្នេញ ដោយសារការអាណិត”។
ទាក់ទិននឹងករណីយុវជនទាំង៤នាក់ដែលជេរប្រមាថលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ឬប្រទេសកូរ៉េខាងត្បូង បានអំពាវនាវដល់សមត្ថកិច្ចកូរ៉េ និងគ្រប់រោងចក្រ ឬអ្នកស្គាល់កន្លែងស្នាក់នៅរបស់យុវជនទាំងនោះ សហការជាមួយអាជ្ញាធរកម្ពុជា ដើម្បីចាត់ការតាមច្បាប់កូរ៉េ និងកម្ពុជា ដើម្បីចាប់បញ្ជូនយុវជនមួយក្រុមនោះ ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ៕ដោយ៖រដ្ឋា