ភ្នំពេញ៖បន្ថែមលើសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី៩ ខែមករា នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរក្នុងហ្វេសប៊ុករបស់លោកដោយបញ្ជាក់ពីកាសម្រេចជាថ្មីរបស់រាជរដ្ឋាភិបាលថា ម៉ូតូឡាន មិនចាំបាច់កាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិទេ គឺរាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ការកាន់កាប់ជាក់ស្តែងនូវយានយន្តគ្រប់ប្រភេទ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃសៅរ៍ ទី៩ ខែមករា ឆ្នាំ២០១៦ម្សិលម៉ិញនេះ បានសរសេរលើហ្វេសប៊ុកដោយបញ្ជាក់បន្ថែមលើចម្ងល់មួយចំនួនរបស់ប្រជាពលរដ្ឋថា «ចំណុចដែលសួរមកនេះ បានរួមចំណែកដោះស្រាយនូវបញ្ហាមិនច្បាស់រវាងខ្លឹមសារខាងដើម និងខ្លឹមសារចុងក្រោយ(សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក)»។ លោកថា«គោលបំណងមិនមែនផ្ទេរពីម្ចាស់មុនមកម្ចាស់ក្រោយទេ ព្រោះបានទទួលស្គាល់ការកាន់កាប់ជាក់ស្តែង ដោយមិនចាំបាច់មានការបញ្ជាក់ពីម្ចាស់មុនរួចទៅហើយ។ សំខាន់ គឺចង់ឱ្យបងប្អូន ដែលមិនទាន់បានបង់ពន្ធ មិនទាន់បានធ្វើផ្លាកលេខ ចូលទៅបង់ពន្ធ និងធ្វើផ្លាកលេខ ដើម្បីមានភាពស្របច្បាប់ប៉ុណ្ណោះ»។លោកបានប្រកាសថា «សម្រាប់យានយន្តដែលបានបង់ពន្ធ និងមានស្លាកលេខគ្រប់គ្រាន់ហើយ មិនមានការចាំបាច់ត្រូវផ្ទេរឈ្មោះ ឬធ្វើលេខថ្មីទេ»។
សំណេរក្នុងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានភ្ជាប់ផងដែរនូវសំណួររបស់ប្រជាពលរដ្ឋតាមហ្វេសប៊ុកថា “ស៊ាម ស៊ីដូរ៉ា: សម្តេចជាទីគោរព! សូមសម្តេចមេត្តាពិនិត្យ អត្ថន័យបីបន្ទាត់ចុងក្រោយ នៃលិខិតជូនដំណឹងខាងលើនោះ ហាក់បីដូចជាផ្ទុយពីការលើកឡើងនៅខាងដើម ដោយមិនបានបញ្ជាក់អោយមានភាពច្បាស់លាស់។ ក្នុងន័យដំបូង គឺតំរូវអោយម្ចាស់យានយន្តបច្ចុប្បន្ន ដែលមិនទាន់បង់ពន្ធ ឬធ្វើផ្លាកលេខ សូមយកទៅធ្វើដោយមិនចាំបាច់ មានការបញ្ជាក់ពីម្ចាស់ដើមឡើយ។ ចុះបើយានយន្តនោះ ទិញពីគេមកមានបង់ពន្ធ និងផ្លាកលេខគ្រប់គ្រាន់ហើយ ឬក៏ក្នុងគ្រួសារមួយ មានការចាំបាច់យកយានយន្ត ដែលចុះបញ្ជីដោយឈ្មោះ( ក ) តែពេលប្រើបាស់ជួនកាល មានឈ្មោះ( ខ, គ, ឃ….) វានឹងទៅជាយ៉ាងណាដែរ សម្តេច?”។
កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន បានចេញសេចក្តីជូនដំណឹងថ្មីមួយ ចំណុចសំខាន់នៃសេចក្តីជូនដំណឹងនោះគឺ «រាជរដ្ឋាភិបាល សម្រេចទទួលស្គាល់ការកាន់កាប់ជាក់ស្តែងនូវយានយន្តគ្រប់ប្រភេទ ដែលប្រជាពលរដ្ឋកំពុងមាន ដោយមិនតម្រូវឲ្យមានការបញ្ជាក់ពីម្ចាស់ដើមឡើយ»។
សេចក្តីជូនដំណឹងដដែលនោះ ក៏បានគូសបញ្ជាក់ថា “ដើម្បីឲ្យការកាន់កាប់ និងការធ្វើចរាចរណ៍ មានភាពស្របច្បាប់ ម្ចាស់យានយន្ត ត្រូវទៅបង់ពន្ធ និងធ្វើផ្លាកលេខ ក្នុងករណី មិនទាន់បង់ពន្ធ និងមិនទាន់ធ្វើផ្លាកលេខ”។
ការសម្រេចជាថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទាក់ទិននឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងដំណាក់កាលចុងក្រោយនេះ ត្រូវគេមើលឃើញថា រាជរដ្ឋាភិបាលបានងាកមកគិតគូរភាពចាំបាច់ចំពោះសុខទុក្ខប្រជាពលរដ្ឋដោយបង្កឲ្យមានភាពងាយស្រួលថែមទៀតដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ម៉ូតូ និងឡាន៕ ដោយ៖គឹម បញ្ញា