ភ្នំពេញ៖តារាចម្រៀង សម័យម្នាក់គឺលោក វណ្ណ មករា បានទទួលមរណភាពគួរឲ្យរន្ធត់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២លើកផ្ទួនៗជាប់គ្នានៅលើកំណាត់ផ្លូវជាតិលេខ៤(ពេជ្រនិល)ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៦ នេះ។
តាមហ្វេសប៊ុករបស់តារាចម្រៀងលោក ទិត្យ វិច្ឆិកា នាព្រឹកថ្ងៃអាទិត្យ ទី១០មករានេះ បានប្រកាសថា អ្នកចម្រៀង វណ្ណ មករា បានស្លាប់ដោយសារតែក្រឡាប់ឡាននៅផ្លូវជាតិលេខ៤ ក្នុងទឹកដីខេត្តព្រះសីហនុ ។ សពរបស់លោក វណ្ណ មករា ត្រូវនាំមកតម្កល់ធ្វើបុណ្យ នៅវត្តសន្សំកុសល ក្នុងរាជធានីភ្នំពេញ។
តារាចម្រៀងលោក ទិត្យ វិច្ឆិកា បានសរសេរបញ្ជាក់ក្នុងហ្វេសប៊ុករបស់លោកថា “ប្អូនប្រុស វណ្ណ មករា ដែលជាអ្នកសិល្ប: ១រូប បានចែកឋានហើយ គឺដោយសារគ្រោះថ្នាក់ចរាចណ៍ក្រឡាប់ឡានរបស់គាត់ ហើយក្រឡាប់ជាមួយឡានពេទ្យម្តងទៀត នៅពេជ្រនិល។ សពរបស់ប្អូន វណ្ណ មករា តម្កល់នៅ វត្តសន្សំកុសល្យ។ ពេលនេះ សូមជំរាបជូនបងប្អូនសិល្ប:ទាំងអស់គ្នា មកចូលរួមរំលែកទុក្ខផង”។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពេលកើតហេតុគេឃើញមានរថយន្តសាមុយបានមកដល់ដឹកយកជនរងគ្រោះ វណ្ណ មករា ដែលរងរបួសធ្ងន់ធ្ងរយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ចំណែកអ្នករួមដំណើរ៤នាក់ផ្សេងទៀតមិនរងរបួសធ្ងន់ធ្ងរនោះទេ ។
ជាអកុសលណាស់ រថយន្តសាមុយក៏ត្រូវក្រឡាប់ដែរនៅចំណុច ភ្នំពេជ្រនិល ជិតទីសក្ការះរបស់លោកយាយម៉ៅ ខណះរថយន្តសាមុយនោះកំពុងដឹកយកជនរងគ្រោះ វណ្ណ មករា ទៅមន្ទីរពេទ្យ បណ្តាលគៀបជនរងគ្រោះ វណ្ណ មករា ស្លាប់នៅនឹងកន្លែងតែម្តង។
បច្ចុប្បន្ន សពលោក វណ្ណ មករា បាននាំយកមកតម្កល់នៅវត្តសន្សំកុសល ដើម្បីរៀបចំពិធីបុណ្យតាមគន្លងប្រពៃណី៕ ដោយ៖រដ្ឋា