ខេត្តរតនគិរី៖យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន៥នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងធ្វើការបង្ក្រាបពាក់ព័ន្ធករណីប្រើប្រាស់ និងចែចាយគ្រឿងញៀន។
ការចុះបង្ក្រាបនេះប្រព្រឹតទៅនៅវេលាម៉ោង ៥ ព្រឹក ថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៦ កម្លាំងអាវុធហត្ថក្រុងចំនួន 0៩នាក់ ដែលដឹកនាំដោយលោក វរៈសេនីយ៍ត្រី ហៃ វណ្ណរ៉ា មេបញ្ជាការ អាវុធហត្ថក្រុង ត្រង់ចំណុច និយាមកា ១៤៧៣១-១៩០២៦ ភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
សកម្មភាពចុះបង្រ្កាបនេះ ដោយសារមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តរតនគិរី ទើបអាចឃាត់ខ្លួន ជនសង្ស័យបានចំនួន ៥នាក់ ។ ក្នុងនោះមានឈ្មោះ ១- អឿន មនោរី ភេទប្រុសអាយុ២៣ឆ្នាំមុខរបរនឹងទីលំនៅមិនពិតប្រាកដ ២-ឈ្មោះ ឆាំ ប្រុសពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរនឹងទីលំនៅមិនពិតប្រាកដ ៣-ឈ្មោះ អ៊ុន សុវណ្ណ ភេទប្រុសអាយុ២២ឆ្នាំមុខរបរនឹងទីលំនៅមិនពិតប្រាកដ ៤-ឈ្មោះ ចាន់ សុខ ខេត ភេទស្រី អាយុ២៣ឆ្នាំមុខរបរអ៊ុតសក់ មានទីលំនៅក្នុងក្រុងបានលុង និង ៥-ឈ្មោះ ឆាំ ឬទ្ធីបុត្រ ភេទប្រុសអាយុ២១ឆ្នាំមុខរបរនឹងទីលំនៅមិនពិតប្រាកដ ។
សមត្ថកិច្ចប្រមូលបាន ភស្តុតាងដូចជា ជញ្ជីងថ្លឹង ចំនួន ០១ ទូរស័ព្ទដៃ ចំនួន ៦គ្រឿង ប្រាក់រៀល ចំនួន ៦ម៉ឺនរៀល និងដុល្លារ ៥ដុល្លារ ម្ស៉ៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ១៦៧ក្រាម និងសម្ភារៈប្រើប្រាស់ មួយចំនួន ទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់នោះសមត្ថកិច្ចបានឃុំខ្លួនបណ្តោះអាសន្តនៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុង ដើម្បីកសាងសំណុំរឿង នឹងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីនៃច្បាប់ ៕ដោយ:រតនៈ