ភ្នំពេញ៖បុរសខ្មាន់កាំភ្លើងម្នាក់ត្រូវកម្លាំងរាជអាវុធហត្ថខណ្ឌឃាត់ខ្លួន នៅវេលាម៉ោង០៣:២០នាទី ទៀបភ្លឺថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ចំណុចខ្លោងទ្វារចូលក្លឹបកម្សាន្តហូលីដេ មេនហាតធេន(HOLIDAY)ផ្លូវ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ករណីផ្ទុះអាវុធនេះ បានបង្កឲ្យមនុស្ស២នាក់ រងរបួស ហើយត្រូវសមត្ថកិច្ចជួយបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ចៅ រង្សី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ១១E0 សង្កាត់ស្រះចក ខណ្ឌដូនពេញ។សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន អាវុធវែង ០១ដើម ម៉ាក AR15 លេខ5677 គ្រាប់ក្នុងបង់០៦គ្រាប់ និងសំបកគ្រាប់បាញ់ហើយចំនួន០៦គ្រាប់ ម៉ូតូ០១គ្រឿងម៉ាកPCXពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FB:9233 ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យបាញ់អស់ជាង១០គ្រាប់ បណ្តាលអោយរបួសធ្ងន់ចំនួន០២នាក់ ។ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណទេ (កំពុងសង្គ្រោះបន្ទាន់នៅកាល់ម៉ែត)។ជនរងគ្រោះទី១ ជាប្រធានសន្តិសុខHOLIDAY ត្រូវ០១គ្រាប់ចំ ពោះ និងជនរងគ្រោះទី២ ជាសន្តិសុខHOLIDAY ត្រូវចំដៃខាងស្តាំ ។
សមត្ថកិច្ចមិនបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការបាញ់បោះនោះទេ ប៉ុន្តែបានប្រាប់បណ្តាញព័ត៌មានថា ខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖រដ្ឋា