ខេត្តស្ទឹងត្រែង៖បុរសស្ត្រី២នាក់ប្តីប្រពន្ធ បានរងគ្រោះថ្នាក់ដល់ស្លាប់បាត់បង់ជីវិតកាលពីម៉ោង៩ យប់ក្នុងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅចំណុចអូរពងមាន់ ដោយសារអ្នកទាំងពីរជិះម៉ូតូទៅបុកគូទគោយន្តដែលឈប់ក្បែរចិញ្ចើមផ្លូវពេញទំហឹង។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់បណ្តាលឲ្យគូស្វាមីភរិយាដែលទើបតែរៀបការបាន៤ថ្ងៃបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតនៅត្រង់ផ្លូវបំបែកចេញពីអូរពងមាន់ ទៅទីរួមខេត្តមណ្ឌលគីរី ប្រមាណជាង១គីឡូម៉ែត្រ។
ប្រភពព័ត៌មានបន្តថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធក្រោយពីរៀបការហើយបាន៤ថ្ងៃបាននាំគ្នាចេញទៅប្រកបរបររកស៊ីជាអ្នកទិញដំឡូងមី លុះដល់ពេលយប់ក្រោយពេលទិញរួចក៏ត្រឡប់មកផ្ទះវិញដោយជិះម៉ូតូឌុបគ្នា ។ ប៉ុន្តែពេលជិះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកក៏ពើបប្រទះនឹងគោយន្តដឹកឈើ២គ្រឿង បានឈប់សាងឈើឲ្យគ្នា ដោយពុំមានដាក់សញ្ញាសំគាល់អ្វីនោះទេ ខណះជនរងគ្រោះជាប្តីបើកម៉ូតូមកដល់ក៏បុកពីក្រោយពេញទំហឹងបណ្តាលឲ្យខ្ទាតបោកស្លាប់ទាំង២នាក់ ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ជនរងគ្រោះរស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
វត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំមានចាត់ការតាមច្បាប់នៅពេលក្រោយ។ចំណែកសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារ យកទ ធ្វើបុណ្យតាមគន្លងប្រពៃណី៕ដោយ៖សុខណាត