ខេត្តព្រះវិហារ៖ភរិយាលោកឧត្តមសេនីយ៍ឯក អ៊ុំ សំអាត មេបញ្ជាការរងកងអង្គរក្សបានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកលោក អ៊ុំ សំអាត និងអ្នករួមដំណើរ៤នាក់ទៀតបានរងរបួសធ្ងន់ និងស្រាល ដោយសាររថយន្តដែលក្រុមគ្រួសារជិះបានក្រឡាប់នៅវេលាថ្ងៃត្រង់នេះ លើកំណាត់ផ្លូវជាតិលេខ៦២ ក្នុងស្រុកជាំក្សាន្ត។
សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍ក្រឡាប់រថយន្តនេះ បានកើតឡើងនៅវេលាម៉ោង ប្រហែលជិត ១ រសៀល ថ្ងៃទី១២មករា ឆ្នាំ២០១៦ នៅចំណុចការដ្ឋានចិន តាមបណ្តោយផ្លូវជាតិលេខ៦២ នៅចំណុចដោះស្រែ ឃុំរំដោះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អធិការនគរបាលស្រុកជាំក្សាន្ត លោកវរសេនីយ៍ត្រី ដាំ យិន បានបញ្ជាក់ថា រថយន្តជួបគ្រោះថ្នាក់ក្រឡាប់នោះ ម៉ាក Vigo ស្លាកលេខ 2J 8981 បើកបរដោយលោកឧត្តមសេនីយ៍ឯក អ៊ុំ សំអាត ផ្ទាល់។រថយន្តនេះ បើកបរចេញពីមកពីទិសទីក្រុងភ្នំពេញ សំដៅទៅកាន់ទីបញ្ជាការដ្ឋានអង្គរក្ស ក្នុងស្រុកជាំក្សាន្ត។
តាមរបាយការណ៍បានឲ្យដឹងថា ក្នុងរថយន្តនោះរួមមានលោកឧត្តមសេនីយ៍ឯក អ៊ុំ សំអាតភរិយា និងកូនៗ របស់លោក។ រថយន្តនោះបានបរក្រឡាប់ដោយខ្លួនឯងជាច្រើនត្រឡប់ ស្ថិតនៅលើផ្លូវជាតិលេខ៦២។
របាយការណ៍បញ្ជាក់ថា ក្នុងហេតុការណ៍នោះ បណ្តាលឲ្យប្រពន្ធរបស់លោកឧត្តមសេនីយ៍ឯក គឺលោកស្រី ហ៊ឹម គឹមហេង អាយុ ៤៥ ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ និងមនុស្ស ៥ នាក់ទៀត រងរបួស ក្នុងនោះ មាន ៤ នាក់ របួសធ្ងន់ ចំណែកលោក អ៊ុំ សំអាត របួសស្រាល។
ប្រភពបញ្ជាក់ថា សព លោកស្រី ហ៊ឹម គឹមហេង ត្រូវបានដឹកទៅតម្កល់ទុកបណ្តោះអាសន្ន នៅបញ្ជាការដ្ឋានកងអង្គរក្សនៅស្រុកជាំក្សាន្ត ចំណែកអ្នកទាំង ៤ នាក់ដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញ។ អ្នករបួស គឺទី១ អាត ភិរម្យ ភេទស្រី អាយុ ១៧ ឆ្នាំ ទី២ រី សុខនី ភេទស្រី អាយុ ៤៥ ឆ្នាំ ទី៣ ញឹម ហៀង ភេទស្រី អាយុ ៥២ ឆ្នាំ ទី៤ ពុំ ហុន ភេទប្រុស អាយុ ៦០ ឆ្នាំ និងទី៥ លោកឧត្តមសេនីយ៍ឯក អ៊ុំ សំអាត រង របួសស្រាល ៕ដោយ៖រដ្ឋា