ខេត្ដបន្ទាយមានជ័យ ៖ មនុស្សប្រុសស្រី ១១នាក់ បានរងរបួសធ្ងន់ស្រាល និង ៤នាក់ទៀត បានស្លាប់នៅកន្លែងកើតហេតុ ដោយសាររថយន្ដបែកកង់មុខក្រឡាប់ជាច្រើនត្រឡប់ កាលពីវេលាម៉ោង ១១និង១០ នាទី ព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ ៥៦A នៅចំណុចផ្លូវបំបែក ប្រាសាទបន្ទាយឆ្មា ខាងជើងឆៀងខាងកើត ចម្ងាយប្រហែល ៣គីឡូម៉ែត្រ ក្នុងភូមិសាស្ដ្រ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយខ្លួនឯង ដោយសាររថយន្ដម៉ាក តាកូម៉ា មួយបាំងកន្លះ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 2A-6195 បានធ្វើដំណើរ ពីខេត្ដព្រះវិហារ ក្នុងទិសដៅពីជើងមកត្បូង ជាលក្ខណៈគ្រួសារ មកពីចូលរួមការបងប្អូន នៅភូមិបល្ល័ង្ក ក្នុងស្រុកម៉ាឡៃ ។ លុះមកដល់ កន្លែងកើតហេតុ រថយន្ដក៏បែកកង់មុខ បណ្ដាលឧ្យរេចង្កូត ក្រឡាប់ ៣ទៅ៤ ត្រលប់ ជះមនុស្សចោលពេញផ្លូវ ស្លាប់និងរបួស យា់ងអាណោចអាធ័ម ។
ចំណែករថយន្ដ បានបែរមុខចូលប្រឡាយ ខូចខាតធ្ងន់ធ្ងរ ហើយបន្ទាប់ពីកើតហេតុ សមត្ថកិច្ច បានចុះជួយអន្តរាគមន៍ និងហៅរថយន្ដសាមុយ ដឹកអ្នករងរបួស ទៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក មួយចំនួន និងមួយចំនួនទៀត ដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្ដភាព កម្ពុជាជប៉ុន មង្គលបុរី ហើយចំណែក សពជនរងគ្រោះ ត្រូវសមត្ថកិច្ចរក្សាទុក រង់ចាំបងប្អូន មកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕ដោយ៖ អ. វ