បន្ទាយមានជ័យ ៖ អ្នកដំណើរជាតិ និងអន្តរជាតិបានរិះគន់ទាក់ទិនការគ្រប់គ្រងច្រកទ្វារអន្តរជាតិប៉ោយប៉ែតដោយខ្វះការទទួលខុសត្រូវថា បណ្តោយឲ្យបរិស្ថានកខ្វក់ មានក្លិនឆ្អេះឆ្អាប និងគ្មានសណ្តាប់ធ្នាប់ បង្កឲ្យមានការលំបាក និងរំខានដល់ការធ្វើដំណើរឆ្លងកាត់ តាមច្រកអន្តរជាតិមួយនេះយ៉ាងខ្លាំង។
បរិស្ថាននៅទីនោះត្រូវបានកត់សម្គាល់ថា មានភាពឆ្អេះឆ្អាបខ្លាំងណាស់ ករណីខ្លះដោយសាររទេះដឹកត្រីឆ្លងព្រំដែនទៅថៃ ខ្វះការវេចខ្ចប់ត្រឹមត្រូវ ចំណែកដងផ្លូវចេញពីថៃ ស្ទើររកផ្លូវដើរគ្មានគឺនៅម្តុំទីតាំងចត្តាឡីស័ក ។ ការដឹកជញ្ជូនត្រីតាមរទេះសណ្តោងអូសដោយម៉ូតូទឹកហូរស្រក់តាមដងផ្លូវបង្កឲ្យមានក្លិនឆ្អេះឆ្អាប ពិសេសជា ងនេះ គឺនៅត្រង់ចំណុចដែលរទេះដឹកត្រីទាំងអស់ គេយកស្ពានព្រំដែនធ្វើជាកន្លែងឈប់សំចត មុនអូសចូលទៅដីថៃដោយថ្មើរជើង ។
ប្រភពបន្តថា លើស្ពានព្រំដែន ក៏មានទឹកស្រក់ពីរទេះដឹកត្រីនាំឲ្យមានក្លិនឆ្អេះឆ្អាបដែរ ហើយដោយសារការឈប់សំចតនេះ ក៏បានធ្វើឲ្យរថយន្ត និងរទេះកកស្ទះពេញលើស្ពានព្រំដែនជាញឹកញាប់ទៀតផង។
ដោយឡែក តាមដងផ្លូវខាងកើតជាប់នឹងទីតាំងចត្តាឡីស័ក រកផ្លូវដើរស្ទើរមិនចង់កើត គឺម៉ូតូឌុបចាំចាប់ដណ្តើមម៉ូយយ៉ាងអនាធិបតេយ្យ
សូម្បីតែក្នុងទីតាំងចត្តាឡីស័ក ក៏មានម៉ូតូឈប់ចតត្រៀបត្រាក្នុងកន្លែងធ្វើការនោះផងដែរ ។
ជុំវិញខ្លោងទ្វារប្រាសាទកំពូលបីមុខទីស្នាក់ការត្រួតពិនិត្យព្រំដែនក៏ដូចគ្នាដែរ ។ បច្ចុប្បន្ននេះ គេនាំគ្នាចតម៉ូតូព្រោងព្រៀតធ្វើឲ្យភ្ញៀវទេសចរពិបាកឆ្លងកាត់ចេញចូលទៅបំពេញបែបបទទិដ្ឋាការ។
កន្លងមក សមត្ថកិច្ចច្រកទ្វារបាននាំគ្នាចាប់ឃាត់ម៉ូតូ ដែលគ្មានសណ្តាប់ធ្នាប់យកមកអប់រំម្ចាស់ដែរ តែមួយរយៈចុងក្រោយនេះ កើតមានឡើងវិញដដែល។
ជុំវិញបញ្ហាខាងលើ លោក វួច អូន ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែតទទួលស្គាល់ថា ពិតជាកើតមានមែន ដោយ សារ ការរៀបចំវាដូចជាការវែកចក ឬមេមាន់បណ្តើរកូនទា តែលោកថានឹងព្យាយាមកែលំអបញ្ហាហ្នឹងឱ្យបាន៕ដោយ៖ អ៊ិច អូ
ក្រុមម៉ូតូឌុបរង់ចាំម៉ូយនៅមុខខ្លោងទ្វារច្រកអន្តរជាតិប៉ោយប៉ែត