ហ្សាការតា៖មានករណីបំផ្ទុះយ៉ាងហោចណាស់៦កន្លែង ព្រមគ្នានៅកណ្ដាលទីក្រុងហ្សាការតា និងនៅក្បែរអគារអង្គការសហប្រជាជាតិប្រចាំប្រទេសឥណ្ឌូនេស៊ី ដែលការបំផ្ទុះនេះ ជាការវាយប្រហារ ដោយបំផ្ទុះ គ្រាប់បែកអត្តឃាត និងត្រូវបានគេចាត់ទុកថា ជាអំពើភេរវកម្ម។
យោងតាមរបាយការណ៍ បឋមពីអាជ្ញាធរ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស៣នាក់ បានស្លាប់និងជា ច្រើននាក់ បានរងរបួស នៅក្នុងករណីបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លើង នៅកណ្ដាលទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
បើយោងតាមសារព័ត៌មាន Channel News Asia បានចេញផ្សាយនៅមុននេះបន្ដិចថា មានករណីផ្ទុះគ្រាប់បែក ជាច្រើនកន្លែង នៅក្នុងនោះមាន នៅក្បែរ ប៉ុស្ដិ៍ប៉ូលិស ផ្សារទំនើប ហាងកាហ្វេ Starbucks និងនៅ ក្បែរអគាររបស់អង្គការសហប្រជាជាតិ ហើយក្នុងចំណោម អ្នកស្លាប់នោះ មានម្នាក់ជាប៉ូលិស។
ប៉ូលិសបានបញ្ជាក់ថា ក្រុមខ្មាន់កាំភ្លើងមានគ្នាយ៉ាងហោចណាស់១០ទៅ១៥នាក់ បានបាញ់តបតជាមួយប៉ូលិស។ ទោះបីយ៉ាងណាគេមិនអាចកំណត់បានថា មានមនុស្សប៉ុន្មាននាក់ស្លាប់ និងរងរបួសនោះទេ៕