ខេត្តកោះកុង៖ លោក សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង បានដកលោក ង៉ែត សារ៉ន មេប៉ុស្តិ៍ប៉ូលិសរដ្ឋបាលឃុំអណ្តូងទឹក ស្រុកបុទុមសាគរ មកបញ្ឈរជើង នៅអធិការដ្ឋានប៉ូលិសស្រុកហើយ ដើម្បីស៊ើបអង្កេត និងដំណើរការរឿងមេប៉ុស្តិ៍នោះ បានដោះលែងជនសង្ស័យ ដែលជាប់ចោទក្នុងសំណុំរឿងប៉ុនប៉ងរំលោភសេពសន្ថវៈប្រពន្ធគេ។
លោកស្នងការ ក៏បានឲ្យដឹងបន្ថែមថា ចំពោះករណីជនសង្ស័យ ដែលបានរត់គេចខ្លួននោះ លោកក៏បានបញ្ជាឲ្យសមត្ថកិច្ចប៉ូលិស តាមចាប់ខ្លួនផងដែរ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
លោកបានមានប្រសាសន៍ដូចនេះថា ក្រោយពីស្រី្តរងគ្រោះ ឈ្មោះ សួង ច្រឹប អាយុ៣៥ ឆ្នាំ ដែលជាជនរងគ្រោះ ក្នុងករណីប៉ុនប៉នរំលោភមិនបានសម្រេច ដែលបានកើតកាលពីយប់ថ្ងៃទី៣ មករា ឆ្នាំ២០១៦ កន្លងទៅនេះ កំពុងស្វះស្វែងរកអន្តរាគមន៍ពីមន្រី្តអង្គការសិទ្ធិមនុស្ស ឲ្យជួយរកយុតិ្តធម៌ ក្រោយពីជនសង្ស័យឈ្មោះ ភន តូម ត្រូវបានលោកង៉ែត សារ៉ន មេប៉ុស្តិ៍ប៉ូលិសរដ្ឋបាលឃុំអណ្តូងទឹក បានដោះលែងឲ្យរួចខ្លួន។ ជននោះកំពុងរត់គេចខ្លួន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣មករា ឆ្នាំ២០១៦ វេលាម៉ោង ៨ យប់ នៅឃុំអណ្តូងទឹក ស្រុកបុទុមសាគរ មានករណីប៉ុនប៉នរំលោភសេពសន្ថវៈ បានកើតឡើង បង្កដោយជនសង្ស័យ ឈ្មោះ ភន តូម។
ស្រី្តរងគ្រោះបានរៀបរាប់ឲ្យដឹងថា ករណីនេះ ប្តីគាត់បានចាប់ជនសង្ស័យប្រគល់ឲ្យមេប៉ុស្តិ៍ បន្ទាប់ពីហេតុការណ៍ប៉ុនប៉ងចាប់រំលោភសេពសន្ថវៈលើរូបគាត់បានកើតឡើង។ ប៉ុន្តែលោកមេប៉ុស្តិ៍ ពុំបានចាត់វិធានការទៅតាមផ្លូវច្បាប់ឡើយ បែរជាធើ្វការសម្រុះសម្រួលរួចដោះលែងជនសង្ស័យឲ្យគេចខ្លួនទៅវិញ។
ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងបន្ថែមថា ក្រោយពីការដោះលែងជនសង្ស័យនៅយប់កើតហេតុ លុះដល់ព្រឹកឡើងថ្ងៃទី៤មករា ឆ្នាំ២០១៦ លោក ង៉ែត សារ៉ន មេប៉ុស្តិ៍អណ្តូងទឹក បានទូរស័ព្ទមកប្តីគាត់ ទារលុយចំនួនដប់ម៉ឺនរៀលថែមទៀត ដើម្បីយកទៅតាមចាប់ជនសង្ស័យ តែប្តីនាងអត់លុយ ឲ្យតែប្រាំមួយម៉ឺនរៀល រួចលោកមេប៉ុស្តិ៍បានយកទៅបាត់ស្ងាត់ឈឹង។ រីឯជនសង្ស័យ ពុំអាចស្វែងរកចាប់បានទេ។
ឃើញភាពអយុតិ្តធម៌ដូចនេះហើយ ទើបគាត់មកដាក់ពាក្យប្តឹង តាមរយៈមន្រី្តសិទ្ធិមនុស្ស ដើម្បីឲ្យតុលាការ និងលោកស្នងការ ជួយរកយុតិ្តធម៌៕
ដោយ៖អ៊ួង វឹង