ភ្នំពេញ៖ ក្រុមហ៊ុន លឹម ប៊ុណ្ណា ផែនស្ងួត របស់លោកឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ត្រូវបានអគ្គនាយកដ្ឋានពន្ធដារបញ្ជាឲ្យអគ្គនាយកគយនិងរដ្ឋាករ សំខាន់មន្ត្រីគយគ្រប់ច្រកល្ហក ទប់ស្កាត់រាល់សកម្មភាពនាំទំនិញចេញចូលរបស់ក្រុមហ៊ុនមួយនេះ ដោយសារតែពុំបានអនុវត្តកាតព្វកិច្ចបង់ពន្ធជូនរដ្ឋជារៀងរាល់ឆ្នាំដែល ធ្វើឲ្យបំណុលពន្ធរដ្ឋរបស់ក្រុមហ៊ុន លឹម ប៊ុណ្ណា ផែនស្ងួត កើនឡើង ។
យោងតាម លិខិតរបស់អគ្គនាយកដ្ឋានពន្ធដារលេខ ១០៦២២ អពដ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ដែលផ្ញើជូនអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ស្តីពីសំណើរកិច្ចសហការដើម្បីទប់ស្កាត់ប្រតិបត្តិការនាំចេញនាំចូល ទំនិញរបស់ក្រុមហ៊ុនលឹម ប៊ុណ្ណា ផែនស្ងួត ( BUNNA PHA SNGUOT Co, Ltd ) ដែលមានលេខអត្តសញ្ញាណសារពើពន្ធ ( អកប) ១៨០០០៤៧៨៦ ។
លិខិត ដដែលបានបញ្ជាឲ្យអគ្គនាយកគយចាត់វិធានការដោយឃាត់ទុកទំនិញឬមិនអនុ ញ្ញាត្តិនាំចេញនាំចូលទំនិញរបស់ក្រុមហ៊ុន លឹម ប៊ុណ្ណា ផែនស្ងួត ស្របតាមមាត្រា១១៤ នៃច្បាប់ស្តី ពីសារពើពន្ធដែលមានចែងពីការបញ្ឈប់ប្រតិបត្តិការនាំចេញនាំចូល ព្រោះថា ក្រុមហ៊ុនមានជាប់ជំពាក់បំណុលពន្ធ និងមិនទាន់ចូលខ្លួនមកដោះស្រាយនៅឡើយ គ្រាដែលក្រុមហ៊ុននេះនៅជំពាក់បំណុលពន្ធរដ្ឋ ហើយគេចវេសមិនព្រមចូលបង់ពន្ធស្របតាមច្បាប់ ។
យោងតាម មន្ត្រីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានអះអាងថា អគ្គនាយកគយបានទទួលលិខិតបញ្ជាឲ្យទប់ស្កាត់ទំនិញចេញចូលរបស់ ក្រុមហ៊ុន លឹម ប៊ុណ្ណា ផែនស្ងួត ដែលស្នើសុំដោយអគ្គនាយកដ្ឋានពន្ធដារនោះហើយ ហើយលោក គុណ ញឹម អគ្គនាយកដ្ឋានគយក៏បញ្ជូនលិខិតនោះទៅគ្រប់អង្គភាពគយនិងមន្ត្រីគយ ពាក់ព័ន្ធ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធិភាព ។
ពាក់ព័ន្ធនឹងលិខិតខាងលើនេះ មជ្ឈដ្ឋានទូទៅបានធ្វើការរិះគន់ចំពោះក្រុមហ៊ុនលោកឧកញ៉ា លឹម ប៊ុណ្ណា ផែនស្ងួត ដែលមានទីតាំងនៅមាត់ច្រក់ទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលតែងតែធ្វើសកម្មភាពល្មើសច្បាប់ទាំងការកាប់បំផ្លាញឈើនិងនាំចេញ នាំចូលទំនិញដោយពំបានបង់ពន្ធជូនរដ្ឋត្រឹមត្រូវ ដែលជាហេតុធ្វើឲ្យបាត់បង់ចំណូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ។
គេ មិនដឹងថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករនឹងចាត់វិធានការមានប្រសិទ្ធភាពដែរឬទេ ទៅលើក្រុមហ៊ុនលោកឧកញ៉ា លឹម ប៊ុណ្ណា ដែលគេរាល់គ្នាដឹងថា ជាឧកញ៉ាដែលមានអំណាចនិងមានលុយរាប់រយលានដុល្លារ ក្នុងចំណោមឧកញ៉ាធំៗនៅកម្ពុជា ។ ប៉ុន្តែមកដល់ពេលនេះប្រហែលជាលោកឧកញ៉ាម្នាក់នេះមិនអាចគេចផុតពីសំណាញ់ ច្បាប់បានឡើយ ព្រោះថា សម្តេចតេជោកំពុងតែប្រើកណ្តាប់់ដែកដើម្បីបង្ក្រាប់ក្រុមលោកឧកញ៉ា ល្មើសច្បាប់ម្នាក់ម្តងៗ រហូតធ្វើឲ្យសង្គមកម្ពុជា លែងមានឧកញ៉ាល្មើសច្បាប់ ៕