ភ្នំពេញ៖ឧកញ៉ា គួច ម៉េងលី ជាម្ចាស់សាលាអន្តរទ្វីបអាមេរិកកាំង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ ត្រូវគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជាប្រកាសឲ្យសុំទោសជាសាធារណៈ និងកែតម្រូវពាក្យសម្តីដែលរិះគន់ពីវិស័យសុខាភិបាលនៅកម្ពុជា ដែលលោកបានធ្វើកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ ។
គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា នៅថ្ងៃទី១៤ខែមករា ឆ្នាំ២០១៦ បានចេញលិខិតមួយច្បាប់ហើយត្រូវបានគាំទ្រដោយប្រធានគណៈគ្រូពេទ្យកម្ពុជា គណៈទន្តពេទ្យកម្ពុជា គណៈគិលានុបដ្ឋាកកម្ពុជានិងគណៈឆ្មបកម្ពុជា ដោយឲ្យលោកឧកញ៉ា គួច ម៉េងលី ធ្វើការសុំទោសជាសាធារណៈ និងកែតម្រូវសំដីដែលស្ថាប័នជំនាញមួយនេះចាត់ទុកថា ជាការនិយាយប្រមាថ និងបរិហាកេរ្តិ៍ដល់សេចក្តីថ្លៃថ្នូររបស់គ្រូពេទ្យ និងអ្នកវិជ្ជាជីវៈសុខាភិបាលកម្ពុជា។
គួរជម្រាបថា លោកឧកញ៉ា គួច ម៉េងលី ជាស្ថាបនិកនិងជានាយកក្រុមហ៊ុន Mengly J. Quach Holdingហើយលោកក៏ជាម្ចាស់សាលាអន្តរទ្វីបអាមេរិកកាំងមានទីតាំងក្នុងរាជធានីភ្នំពេញ។
កាលពីដើមសប្តាហ៍នេះ កាសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយបទសម្ភាសន៍ជាមួយលោកឧកញ៉ា គួច ម៉េងលី ក្រោមចំណងជើងថា៖ “ពីក្មេងល្ងង់ខ្លៅ ក្រីក្រ ដើររើសចំណីតាមផ្លូវបរិភោគទៅជាសេដ្ឋីចិត្តធម៌”។ ក្នុងអត្ថបទនោះ កាសែតបានដកស្រង់សំដីលោក គួច ម៉េងលី ថា៖ “ខ្ញុំអត់ដែលជួបពេទ្យណាអាក្រក់សែនអាក្រក់ដូចពេទ្យនៅស្រុកខ្មែរយើងទេ។ គាត់គ្មានវិជ្ជាជីវៈគ្មានភាពទន់ភ្លន់ គ្មានមេត្តាធម៌ នេះខ្ញុំមិនមែននិយាយទាំងអស់ទេ ខ្ញុំនិយាយបើខ្ញុំបានជួប១០មានអាក្រក់៩។ បើមានអាកប្បកិរិយាមារយាទអំនួត អឿ ឈ្លើយ ម៉ាកាវ តើកូនខ្មែរយើងអភ័ព្វយ៉ាងដូចម្តេទៅ។ ពេលគេទៅព្យាបាលម្តង សឹងតែលុតជង្គង់អង្វរគាត់(ពេទ្យ)។ ពេទ្យដែលគ្មានជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ហើយជាអ្នកសម្លាប់មនុស្ស”។
អត្ថបទដែលប្រើសំដីលោកឧកញ៉ា គួច ម៉េងលី បន្តថា៖ “វិស័យសុខាភិបាលយើង បើខ្ញុំឲ្យពិន្ទុពី១ដល់ ១០ ខ្ញុំឲ្យ២ពិន្ទុ។ បើអ្នកក្រទៅពេទ្យខ្ញុំហានធានាគេនឹងដេកនៅចិញ្ចើមផ្លូវនោះជាអ្វីដែលខ្ញុំឃើញទិដ្ឋភាពដោយផ្ទាល់។ ស្រីសម្រាលកូនខ្លះកូនអាចស្លាប់ក្នុងពោះបើគ្មានលុយវះ។ សំណួរដែលត្រូវសួរខ្លួនឯងពេលនេះគឺថាក្នុងសតវត្សរ៍ទី២១ តើកម្ពុជាយើងត្រូវឆ្លងកាត់ភាពវេទនានេះបន្ដទៀតឬយ៉ាងណា?
ក្នុងលិខិតរបស់គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជាដដែលបញ្ជាក់ថា៖ “ចំពោះការនិយាយបរិហារកេរ្តិ៍ និងប្រមាថជាសាធារណៈរបស់លោកមកលើគ្រូពេទ្យ និងអ្នកវិជ្ជាជីវៈសុខាភិបាល គណៈវិជ្ជាជីវៈសុខាភិបាល សុំឲ្យលោកតម្រូវ និងសុំទោសជាសាធារណៈចំពោះពាក្យសម្តីរបស់លោក”។
លិខិតបញ្ជាក់ថា៖ “គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជាចាត់ទុកថាការលើកឡើងរបស់លោកជាការវាយតម្លៃដែលគ្មានមូលដ្ឋាន គ្មានវិជ្ជាជីវៈ គ្មានការទទួលខុសត្រូវនិងមានចរិតបំផ្លើស បន្តុះបង្អាប់ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់គ្រូពេទ្យនិងអ្នកវិជ្ជាជីវៈសុខាភិបាលកម្ពុជា”។
អ្នកលេងហ្វេសប៊ុកជាច្រើនបានផ្តល់យោបល់ថាលោក គួច ម៉េងលី មិនគួរសុំទោសចំពោះការលើកឡើងរបស់លោកក្នុងកាសែតនោះទេ និងបានប្រៀបធៀបថា ការលើកឡើងរបស់លោកឧកញ៉ាគ្រាន់តែដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងក្នុងវិស័យសុខាភិបាលនៅកម្ពុជាប៉ុណ្ណោះ។
ទោះបីជាបែបនេះក្តី គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា៖ “សូមលោកធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈជាចំបាច់” ៕ ដោយ៖ រដ្ឋា
លោក គួច ម៉េងលី ( រូបក្នុងហ្វេសប៊ុកលោក គួច ម៉េងលី )