អាមេរិក៖យោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT បានផ្សាយថា ស្ត្រីមេម៉ាយម្នាក់ បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការរដ្ឋកាលីហ្វូញ៉ា ដោយបានចោទប្រកាន់បណ្ដាញទំនាក់ទំនងសង្គម Twitter ថា ជាអ្នកសម្របសម្រួល ទំនាក់ទំនងរវាងក្រុមភេរវករ និងក្រុមឧទ្ទាមផ្សេង។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ Brookings Institution បានឲ្យដឹងថា មានគណនី Twitter ចន្លោះពី ៤៦.០០០ ទៅ ៦០.០០០ ជារបស់ក្រុមឧទ្ទាម ISIS ដែលពួកនេះ ប្រើប្រាស់សម្រាប់ទំនាក់ទំនង និងកៀរគរគ្នា។
ដោយឡែកកាលពីឆ្នាំ២០១៥ មានស្ថាប័នតុលាការ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួនក៏ធ្លាប់បានស្នើឲ្យបណ្តាញសង្គមមួយនេះ (Twitter) កាត់ផ្ដាច់ទំនាក់ទំនងរវាងក្រុមឧទ្ទាម ISIS ព្រោះថា ពួកនេះ បានប្រើប្រាស់បណ្ដាញសង្គម Twitter ក្នុងការទាក់ទងគ្នា។
គួរបញ្ជាក់ថា ក្រុមឧទ្ទាម ISIS បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Twitter, Instagram និង Telegram ដើម្បីទំនាក់ទំនងគ្នា និងប្រើប្រាស់អនុវត្តភេរវកម្មផងដែរ៕