មេបក្ស​ប្រឆាំង​៖ខ្ញុំ​នឹង​ប្តូរ​មេដឹកនាំ​ដែល​មិន​ធ្វើ​ឲ្យ​បាត់​ធនធានធម្មជាតិ និងចេះ​ស្រឡាញ់​ទឹកដី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2016 ក+ ក-

​ដោ​យ៖លោក គឹម ស៊ុនលី សហការីនិពន្ធ​សាកល្បង

ភ្នំ​ពេ​ញ៖ មេបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​គេច​ពី​ការចាប់ខ្លួន បាន​បន្ត​វាយប្រហារ​លើ​បញ្ហា​ដដែលៗ​ទៀតថា លោក​នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ​មេដឹកនាំ​មួយ ដែល​ចេះ​ស្រឡាញ់​ប្រជាពលរដ្ឋ​ក្រីក្រ មិនធ្វើឲ្យបាត់បង់ធនធានធម្មជាតិ និង​ស្រឡាញ់​ជាតិ​មាតុភូមិ​។​ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​បាន​ថ្លែងថា លោក សម រង្ស៊ី គួរ​ធ្វើការ​ផ្លាស់ប្តូរ​ស្ថានភាព​នយោបាយ​ផ្ទាល់ខ្លួន​ឲ្យ​បាន​រួចរាល់​ជាមុនសិន​។​

​ការ​បង្ហោះ​សារ​នយោបាយ​វាយប្រហារ​កាលពី​ថ្ងៃទី​១៦ ខែមករា កន្លងមកនេះ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់លោក សម រង្សី លោក​បាន​អះអាងថា ទោះបី​លោក​ស្ថិតនៅ​ក្រៅប្រទេស​ក៏ដោយ ប៉ុន្តែ​លោក​នឹង​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​មេដឹកនាំ​មួយ​ដែល​ចេះ​ស្រឡាញ់​ពលរដ្ឋ​ក្រីក្រ ចេះ​ស្រឡាញ់​ធនធានធម្មជាតិ និង​មិន​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ដូច​បច្ចុប្បន្ននេះ​ទេ​។​

គេ​នៅ​ចាំបាន​ថា កាលពី​អំឡុង​ឆ្នាំ​២០១៥ បញ្ហា​រសើប​ក្នុង​កិច្ចការ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា វៀតណាម ដែលជា​ហេតុផល​ក្នុងការ​វាយលុក​ផ្នែក​នយោបាយ​របស់​បក្សប្រឆាំង​លើ​រាជរដ្ឋាភិបាល​ថា បានធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្វែងរក​ផែនទី​ពី​អង្គការសហប្រជាជាតិ ពី​ប្រទេស​បារាំង អង់គ្លេស ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​រដ្ឋាភិបាល​បាន​ប្រើប្រាស់​សម្រាប់​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម និងដើម្បី​បញ្ចប់​ហេតុផលនយោបាយ​របស់​គណបក្ស​ប្រឆាំង​។​

​អ្នកវិភាគ​ដំណើរ​នយោបាយ​នៅ​កម្ពុជា​បាន​ថ្លែងថា ធម្មតា​អ្នកនយោបាយ​នៅ​ប្រទេស​ណាក៏ដោយ ទោះបីជា​ខ្លួន​បរាជ័យ​ដល់​កម្រិតណា​ក្តី ក៏​គេ​នៅតែ​អួត​ក្អេងក្អាង​ដើម្បី​បំភ័ន្ត​សាធារណមតិ​ដែរ ប៉ុន្តែ​ប្រទេស​ដែល​ប្រកាន់​នូវ​លទ្ធិប្រជាធិបតេយ្យ​គឺ​ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ទេ​ដែលជា​អ្នកកំណត់​ជោគវាសនា​របស់​អ្នកនយោបាយ ។​

​អ្នកវិភាគ​បន្តថា ថ្មីៗ​នេះ គេ​ឃើញ​រាជរដ្ឋាភិបាល​បានធ្វើការ​កែទម្រង់​ច្រើន​ករណី​ណាស់​ដូចជា ចេញ​សេ​ក្តី​សម្រេច​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ភាគ​ឦ​សាន្ត​ប្រទេស ការឈប់​ឲ្យ​យកលុយ​ផ្លូវជាតិ​លេខ​៤ និង​ការសម្រួល​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍ រួមនិងការអភិវឌ្ឍប្រទេស​ជាច្រើនទៀត​។​

លោក​ព្រឹទ្ធាចារ្យ ជួន ច​ន្ត្រា​គន្ធ អតីតមន្ត្រី​ក្នុង​ក្រសួង​រាជការ​មួយរូប បាន​ថ្លែងថា បក្សប្រឆាំង​គួរ​ជ្រើសរើស​មូលហេតុ​ជាក់លាក់​ធ្វើជា​កម្មវត្ថុ​ក្នុងការ​ប្រឆាំង ហើយ​មិនគួរ​យក​បញ្ហា​ព្រំដែន​ដែល​សូម្បីតែ​ក្រុម​ខ្លួន​ក៏​មិនទាន់​ច្បាស់លាស់​រឿង​ព្រំដែន​ដែរនោះ ទៅ​ផ្តួលរំលំ​ដៃគូ​នយោបាយ​នោះទេ ព្រោះ​ជា​រឿង​គ្រោះថ្នាក់​មួយ​។​គ្រោះថ្នាក់​ទី​ពីរ​គឺ​សង្គ្រាម​ព្រំដែន​រវាង​អ្នកភូមិផង​របង​ជាមួយ ហើយ​ការ​រើស​អើ​ស​ចំពោះ​ពលរដ្ឋ​ជិតខាង​ដែល​អ្នកគាំទ្រ​នយោបាយ​ប្រឆាំង​ចាត់ទុកថា​ជាស​ត្រូវ​នោះ នឹង​បន្ត​អូសបន្លាយ​ទៅដល់​អ្នកជំនាន់ក្រោយ ដូច្នេះ​គ្រា​អនាគត​គ្រួសារ​ខ្មែរ​នឹង​គ្មាន​វាសនា​មាន​សេចក្តីសុខ​ឡើយ ហើយ​ប្រវត្តិសាស្ត្រ​នឹង​វាយតម្លៃ​បង្ហាញ​ពី​ចរិត​របស់​អ្នកនយោបាយ​ខ្មែរ​ជំនាន់​នេះ​ចំពោះ​ប្រទេសជាតិ​។

​លោក​ព្រឹទ្ធាចារ្យ ជួន ច​ន្ត្រា​គន្ធ មានប្រសាសន៍បន្ថែមថា សព្វថ្ងៃនេះ​លោក សម រង្ស៊ី នៅសល់តែ​ឈ្មោះ​ប៉ុណ្ណោះ​ក្នុង​ឋា​នៈ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដូច្នេះ​ដើម្បី​ផ្លាស់ប្តូរ​ការដឹកនាំ​ប្រទេស​នាពេល​ប​ច្ច​ប្បន្ន​បាន លោក សម រង្ស៊ី ខ្លួន​ឯ​ង​ត្រូវ​ផ្លាស់​ស្ថានភាព​នយោបាយ​ផ្ទាល់ខ្លួន​ជាមុនសិន​៕hgtfaaaaaaa

​លោក សម រង្ស៊ី ថ្លែង​តាម​វីដេអូ​ឃ្លី​ប​ (​រូបថត៖ហ្វេ​ស​ប៊ុ​ក​លោក សម រ​ង្ស៊ី )