ប៉ាគីស្ថាន៖ប្រទេសប៉ាគីស្ថានចង់ដើរតួជាអ្នកសម្របសម្រួលដើម្បីជួយបន្ធូរបន្ថយភាពតានតឹងនូវជម្លោះរវាងប្រទេសអ៊ីរ៉ង់ និងប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែលប្រទេសទាំងពីរបាននឹងកំពុងឡើងក្តៅខ្លាំងចាប់តាំងពីដើមខែមករាមកនេះ។
ប្រមុខរដ្ឋាភិបាលប៉ាគីស្ថាន លោកណាវ៉ា ស្ហារីហ្វ ធ្វើដំណើរទៅប្រទេសអារ៉ាប៊ី សាអូឌីត នៅថ្ងៃចន្ទនេះ ជាទី ដែលលោកចូលគាល់ព្រះមហាក្សត្រស៉ាល់មាន។ នៅថ្ងៃបន្ទាប់ លោកនឹងធ្វើដំណើរទៅជួបពិភាក្សាជាមួយ លោកប្រធានាធិបតីអ៊ីរ៉ង់ ហាសាន រ៉ូហានី។
តាមរដ្ឋមន្ត្រីព័ត៌មានប៉ាគីស្ថានបានថ្លែងថា គោលដៅនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីស្ហារីហ្វទៅអារ៉ាប៊ី សាអូឌីត និងអ៊ីរ៉ង់ គឺដើម្បីជួយបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ដែលកើនឡើងកំដៅខ្លាំង ចាប់តាំងពីដើមខែមករានេះ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាននឹងព្យាយាមបញ្ចុះបញ្ចូលឲ្យភាគីជម្លោះទាំងពីរដោះស្រាយបញ្ហាជាមួយគ្នា ដោយសន្តិភាព ដើម្បីផលប្រយោជន៍រួមនៃសហគមន៍អ៊ីស្លាម។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថានទៅអារ៉ាប៊ី សាអូឌីត និងអ៊ីរ៉ង់ ធ្វើឡើងនៅមួយសប្តាហ៍ក្រោយ វត្តមានរបស់រាជបុត្រស្នងរាជ្យ និងជារដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ី សាអូឌីត នៅទីក្រុងអ៊ីស្លាម៉ាបាត៕