​សមត្ថកិច្ច​បន្ត​ឡោមព័ទ្ធ​ទីតាំង​លាក់​ឈើ​របស់​ឧកញ៉ា​ពីររូប និង​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2016 ក+ ក-

ដោយ៖រដ្ឋា

ភ្នំពេញ​៖ក្រុម​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និ​ងថ្ងៃ​ចន្ទ ទី១៨ មករា នេះ បាន​រកឃើញ និង​បន្ត​ឡោមព័ទ្ធ​ឈើ​រាប់សិប​ពាន់​ម៉ែត្រ​គីប​ដែល​ឈ្មួញ និង​ឧកញ៉ា​មួយចំនួន​បាន​លាក់ទុក​នៅក្នុង​ព្រៃ នៅក្នុង​ឃ្លាំង និង​នៅក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ក្នុង​ខេត្តក្រចេះ ព្រោះ​សមត្ថកិច្ច​មិនអាច​ដឹកជញ្ជូន​ចេញ និង​គ្មាន​កន្លែង​ស្តុក​ទុក​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​រាយការណ៍​ពី​តំបន់​ប្រតិបត្តិការ​ថា ឈើ​ដែល​សមត្ថកិច្ច​កំពុងតែ​គ្រប់គ្រង មាននៅ​ខេត្តក្រចេះ ជាង ១០០០​ម៉ែត្រ​គីប នៅ​ខេត្ត​មណ្ឌល​គី​រី​ប្រមាណ​ពី ១០០០ ទៅ ២០០០ ម៉ែត្រ​គីប និង​នៅក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន​ក្នុងខេត្តក្រចេះ មាន​ជិត ៣​ពាន់​ម៉ែត្រគូប (២.៧១៣​ម៉ែត្រគូប​)​។​

​ប្រភព​បន្តថា ឈើ​ដែល​រកឃើញ​ស្តុក​ទុក​នៅក្នុង​ឃ្លាំង​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា មាន​ប្រមាណ​ជាង ២០០០ កំណាត់​(​មិនទាន់​រាប់​អស់​) ជិត ១០០០ ម៉ែត្រ​គីប និង​ឈើ​របស់​ឧកញ៉ា សឹង្ហ សំអុល ក៏បាន​រកឃើញ​ផងដែរ តែមាន​ចំនួន​តិចតួចប៉ុណ្ណោះ។ ឈើ​របស់​ឧកញ៉ា ទាំងពីរ​នាក់​នេះ គឺ​បាន​លាក់ទុក​នៅ​ជិត​តំបន់​ព្រំដែន​វៀតណាម​។​

​អ្នករាយការណ៍​ព័ត៌មាន​បន្តថា នៅ​រសៀល​ថ្ងៃទី​១៨ មករានេះ ក្រុម​ប្រតិបត្តិ​ការបង្ក្រាប មិនអាច​ប្រមូល​ឈើ​ដឹក​ចេញពី​ចំណុច​ដែល​គេ​លាក់ទុក​ក្នុងព្រៃ​នោះបានទេ ដែល​ចាំបាច់​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ​ត្រូវ​នៅ​បន្ត​ឡោមព័ទ្ធ​រហូត​មានការ​ណែនាំ​ជាថ្មី ព្រោះ​ឧទ្ធម្ភាគចក្រ​មាន​បញ្ហា​បច្ចេកទេស​។​

​ប្រភព​ដដែល​បន្តទៀត​ថា កំណាត់ឈើ​ជិត ៣​ពាន់​ម៉ែត្រគូប (២.៧១៣​ម៉ែត្រគូប​) ត្រូវបាន​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ​ជាង ១០០​នាក់​កំពុង​ឡោមព័ទ្ធ​ជាច្រើន​ចំណុច ឋិត​នៅ​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ហ្វូ​ឡាយ ឈុន គ្រុប (FU LAI CHUN GROUP) ចំនួន ៣​ថ្ងៃ​កន្លងមក និង​រង់ចាំ​សេចក្តីសម្រេច​ពី​ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស ព្រៃឈើ លោក សៅ សុខា​៕

tgfreaaa
frdekiuuu

 

 

 

 

 

 

 

កំណាត់ឈើ​ក្នុង​បរិវេណ​ដី​ សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ហ្វូ​ឡាយ ឈុន គ្រុប (FU LAI CHUN GROUP) ឋិត​នៅ​ឃុំ​រលួស ស្រុក​សំបូរ ខេត្តក្រចេះ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦​។