​អ្នក​​កាសែត​ម្នាក់​ត្រូវ​ឈ្មួញ​ឈើ​បាញ់​ស្លាប់​នៅ​ខេត្តក្រចេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 October, 2014 ក+ ក-

​ខេត្តក្រចេះ​៖ អ្នកកាសែត​ម្នាក់​ក្នុងចំណោម​គ្នា​ពីរ​នាក់​ត្រូវបាន​ឈ្មួញ​ឈើ​បាញ់​នឹង​កាំភ្លើងខ្លី​ចំ​ចិញ្ចើម​ធ្លាយ​ក្បាល បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅក្នុង​រថយន្ត កាលពី​ម៉ោង​១​ទៅ​ម៉ោង​២​រំលងអាធ្រាត្រ​ឈានចូល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ព្រៃ​ក្នុងភូមិ​ទួល​ពន្លៃ ឃុំ​ខ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​។​

មន្ត្រី​សមត្ថកិច្ច​បាន​ប្រាប់ថា អ្នកកាសែត​ដែល​ឈ្មួញ​ឈើ​បាញ់ សម្លាប់​នោះ​មានឈ្មោះ តាំង ទ្រី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ កាន់​កាត​កាសែត​សមាគម​ខ្មែរ​អ្នកប្រជាធិបតេយ្យនិងជាអ្នកយកព័ត៌មាន កាសែត« ថ្ងៃនេះ»។ នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​រកឃើញ​ គ្រាប់កាំភ្លើង​មួយគ្រា​ប់​ដែល​ជនដៃដល់​បាញ់​ម៉ា​កឡុក   ករណី នេះ​ សមត្ថកិច្ច​មិនទាន់​សន្និដ្ឋានថា​កើតឡើង​ដោយ​មូល​ហេតុអ្វី ពិតប្រាកដ​នៅឡើយ​ទេ​។​

ប្រភព​បន្តថា នៅមុន​ពេល​កើ​ហេតុ​ជនរងគ្រោះ​និង​មិត្ត​ភិ​ក្ត​រួមការ​ងារ​បាន​ជិះឡាន​ទៅ មើល​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅ​ចំណុច​ជួរ​ក្រាំង ឃុំ​ខ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​។ នៅពេល​ទៅដល់ ថៅកែ​ឈើ​បាន​ហៅ​“​ចរចា​”​ហើយក៏​មានការ​ប្រទាញប្រទង់​គ្នា​រហូត​ឈានដល់ ការផ្ទុះអាវុធ​។ បន្ទាប់ពី​បាញ់​ស្លាប់​រួច ជនល្មើស​បាន​ជិះឡាន​លុច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ គេចខ្លួន តែ​បើករថយន្ត​បាន​ប្រមាណ ៥០០​ម៉ែត្រ ពីកន្លែងកើត ហេតុ​ក៏​ក្រឡាប់​ហើយ​ជនល្មើស​ក៏​រត់គេចខ្លួន​បាត់ទៅ​។

​បុរស​ម្នាក់​ឈ្មោះ សាត សិ​ដ្ឋ ដែល​ជិះឡាន​ជាមួយ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ព័ត៌មាន​លម្អិត​។​

ប្រភព​បន្តថា ឈ្មួញ​ឈើ​ដែល​បាន​បាញ់សម្លាប់​អ្នកកាសែត​នោះ ឈ្មោះ ហៀ​ង ជា​មន្ត្រីប៉ូលិស​ខេត្តមណ្ឌលគិរី កំពុង​រត់គេចខ្លួន​។ ដោយឡែក​សមត្ថកិច្ច ក៏បាន​ធ្វើការ​ឃាត់ខ្លួន អ្នកបើកបរ​រថយន្ដ មួយ​បាំង​កន្លះ​ដឹកឈើ​ឲ្យ​ឈ្មោះ ហៀ​ង យកមក​ធ្វើការ​សាកសួរ​៕រដ្ឋា

Untitled-1​អ្នកកាសែត​ម្នាក់ដែលត្រូវ​ឈ្មួញ​ឈើ​បាញ់ស្លាប់នៅ​ខេត្តក្រចេះ​