ដោយ៖ ស សាន
ភ្នំពេញ៖ យោងតាម AKP ដែលចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បានឲ្យដឹងថា ព្រះអង្គម្ចាស់ក្សត្រីថៃព្រះនាម មហាចក្រី ស៊ីរីនដន (Maha Chakri Sirindhorn) នឹងយាងមកបំពេញព្រះរាជទ ស្សនៈកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ។
ម្ចាស់ក្សត្រី មហាចក្រី ស៊ីរីនដន (Maha Chakri Sirindhorn) នឹងយាងមកដល់ ភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ នឹងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
ក្នុងអំឡុងពេលស្នាក់នៅក្នុង ប្រទេសកម្ពុជា ព្រះអង្គម្ចាស់ក្សត្រីថៃ នឹងយាងចូលគាល់សម្តែងការគួរសម ព្រះបាទនរោត្តមសីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។
បន្ទាប់ពីសម្តែងការគួរសម ជាមួយនឹងព្រះមហាក្សត្រខ្មែរ និងនាយករដ្ឋមន្ត្រីកម្ពុជា ព្រះអង្គម្ចាស់ក្សត្រី នឹងយាងជាព្រះរាជអធិបតីភាព បើកការដ្ឋានសាងសង់ វិទ្យាស្ថានបច្ចេកវិទ្យានៅខេត្តកំពង់ស្ពឺ ។
លើសពីនេះទៅទៀត ព្រះអង្គម្ចាស់ក្សត្រីថៃ មហាចក្រី ស៊ីរិនដន (Maha Chakri Sirindhorn) នឹងយាងបើកការសម្ពោធដាក់ឲ្យប្រើប្រាស់ វិទ្យាល័យកំពង់ឆ្នេរ អូរឈើទាល និង ពិធីប្រគល់អគារ បន្ទប់ថាមពលដើរ ដោយព្រះអាទិត្យ នៅខេត្តកំពង់ធំ ។
ក្នុងការយាងនោះដែរព្រះអង្គម្ចាស់ក្សត្រី នឹងយាងទស្សនៈកិច្ចនៅ សាលាបឋមសិក្សា ផ្សេងៗទៀត នៅខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ និង ខេត្តព្រៃវែង ព្រមទាំងរោងចក្រស្ករសឧកញ៉ា លី យ៉ុងផាត់ នៅខេត្តកំពង់ស្ពឹផងដែរ៕