ភ្នំពេញ៖នៅថ្ងៃទី១៥និងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤នេះនៅព្រះ បរមរាជវាំងនឹងមានការរៀបចំពិធីរាប់បាត្រព្រះសង្ឃចំនួន ៥០០ អង្គ ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សម្រាប់ខួប២ឆ្នាំ។
ក្រសួងធម្មការ និងសាសនា បានប្រកាសថា ពិធីរាប់បាត្រ នៅថ្ងៃទី២៨តុលា នៅមុខព្រះបរមរាជវាំង ដើម្បីថ្វាយព្រះរាជកុសល ព្រះរាជសព្វសាធុការពរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យ ខួបលើកទី១០ នៃការគ្រងព្រះបរមរាជសម្បត្តិ។
លិខិតរបស់ក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ ចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ក្រសួងធម្មការ មិន ឃិន បានទូលថ្វាយ ប្រគេន និងជម្រាបជូន សម្តេច ព្រះតេជគុណ ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពុទ្ធបរិស័ទ មេត្តាជួយឧបត្តម្ភចង្ហាន់ សម្រាប់រាប់បាត្ររយៈពេល ២ថ្ងៃគឺនៅថ្ងៃទី១៥ តុលា វេលាម៉ោង ៨ព្រឹក ព្រះសង្ឃចំនួន ៥០០អង្គ និងវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៨ តុលា ព្រះសង្ឃចំនួន ៥០០អង្គ។ ចង្ហាន់សម្រាប់រាប់បាត្រ ក្នុង ១កញ្ចប់ រួមមាន៖ បាយ ១កញ្ចប់ ម្ហូបក្រៀម១មុខ ទឹកសុទ្ធ១ដប ទឹកក្រូច១ដប បង្អែម ឬផ្លែឈើ ១កញ្ចប់ និងបច្ច័យតាមសទ្ធាជ្រះថ្លា៕