ដោយ៖រដ្ឋា
ភ្នំពេញ៖ រនាំងដែកពុះចែកទ្រូងផ្លូវបានបាក់អស់១២ផ្ទាំងដោយសារតែបុរសម្នាក់បើករថយន្តកាមរីគូទប៉ោងក្នុងល្បឿនលឿនដូចហោះទៅបុកបណ្ដាលឲ្យរថយន្តវិល២ជុំខ្ទេចអស់មួយកំណាត់មុខបើកទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងែទី២០ ខែមករា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកាមរីគូទប៉ោងស៊េរីឆ្នាំ៩៥ ពណ៌ខ្មៅដែលមានពាក់ស្លាកលេខបាត់ដំបង2A-0744 ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ ខណៈមកជិតដល់ត្រង់ចំណុចកើតហេតុទល់មុខនឹងរូបចម្លាក់ក្ដាន់ពីរ ក៏បុកនឹងរនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់ចំនួន១២ផ្ទាំងបណ្ដាលឲ្យរថយន្តវិល២ជុំខ្ទេចអស់មួយកំណាត់មុខបើកទៅមុខលែងរួច បន្ទាប់មកម្ចាស់រថយន្តខាងលើបានបើកទ្វាររថយន្តរួចរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរជំនាញបានចុះមកធ្វើការវាស់វែង និងស្តូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តបង្កហេតុចូលខ្លួនមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕