អ៊ីរាក់៖មនុស្ស១៨.៨០២នាក់បានស្លាប់ និង៣៦.២៤៥នាក់ផ្សេងទៀតរងរបួសដោយសារជម្លោះនៅចន្លោះពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ខណៈមនុស្សចំនួន ៣,២លាននាក់ផ្សេងទៀតបានផ្លាស់ទីលំនៅ ចាប់តាំងពីខែមករា ឆ្នាំ២០១៤ ក្នុងនោះរួមទាំងជាងកុមារជាង១លាននាក់ ដែលគ្រប់អាយុក្នុងការសិក្សា។
យោងតាមរបាយការណ៍ចេញផ្សាយពីអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល៣.៨៥៥នាក់ ត្រូវបានសម្លាប់ និង ៧.០៥៦នាក់ទៀតបានរងរបួស ដោយចំនួនពាក់កណ្តាលនៃពួកគេ បានស្លាប់នៅក្នុងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់។ របាយការណ៍បានបញ្ជាក់ថា ការសម្លាប់ ដោយក្រុមឧទ្ទាម ISIL តាមរយៈទិដ្ឋភាពជាសាធារណៈ គួរឲ្យភ័យខ្លាច ក្នុងនោះរួមទាំងការបាញ់សម្លាប់, កាត់ក្បាល, ដុតសម្លាប់ទាំងរស់ និងបោះមនុស្សទម្លាក់ពីលើកំពូលអគារផងដែរ៕