ដោយ៖សួង សាម
ភ្នំពេញ៖ បុរសជាកម្មករអនាម័យនៃស្នងការនគរបាលរាជធានីម្នាក់ ត្រូវបានមន្ត្រីពន្ធនាគារធ្វើការឃាត់ខ្លួន សាកសួរក្រោយពីសង្ស័យរូបនោះជាប់ពាក់ព័ន្ធ និងការនាំយកគ្រឿងញៀនខុសច្បាប់ចូលមន្ទីឃុំឃាំង។
ហេតុការណ៍នៃការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ថ្ងៃទី១៨ខែមករា ឆ្នាំ២០១៦នេះ នៅច្រកចូលពន្ធនាគារ ក្នុងស្នងការនគរបាលរាជធានី ស្ថិតក្នងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ ដែលបានឃាត់ខ្លួននោះមានឈ្មោះ ម៉ន ភារុន អាយុ២៥ឆ្នាំ កម្មករអនាម័យនៃស្នងការនគរបាលរាជធានី មានទីលំនៅភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមចំលើយសារភាពរបស់ជនសង្ស័យជាកម្មកររូបនោះ បានអោយដឹងថា កាលពីថ្ងៃទី១៥ មករា ខ្លួនក៏បានចេញទៅចាក់សំរាមដូចធម្មតា ស្រាប់តែមានយុវជនម្នាក់អាយុប្រម៉ាណ២០ឆ្នាំជិះម៉ូតូគុបស្ទាំងពណ៌ក្រហមហើយបោះកញ្ចប់បារីសេកមកដីហើយប្រាប់ថាអោយយកកញ្ចប់នេះបោះចូលកន្លែងពន្ធនាគា ហើយគេអោយប្រាក់៥០ដុល្លារ។
លុះដល់ពេលរសៀលមានលេខទូរស័ព្ទមួយបានតេមកខ្លួនអោយបោះកញ្ចប់នោះនៅត្រង់ជ្រុងខាងលិចនៃរបងពន្ធនាគាទៅមានអ្នកមកយកហើយ ។ចំណែករូបខ្លួនក៏បានធ្វើតាមគេប្រាប់ចប់សព្វគ្រប់។រហូតមកដល់ថ្ងៃទី១៨ មករាវេលាម៉ោង ៣ និង៣០នាទីរសៀល រូបគេក៏បានទទួលទូរស័ព្ទលេខដដែលនោះថា អោយមកយកប្រាក់ចំនួន៥០ដុល្លារដែលបានសន្យាថាអោយ ស្រាប់តែមកតាមការណាត់ក៏ត្រូវមន្ត្រីពន្ធនាគារឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លនបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕