kដោយ៖អ៊ុក សំអាន
ខេត្តបាត់ដំបង៖អាគារសិក្សាថ្មីមួយខ្នង ដែលមានតម្លៃ ៥៤.០០០ដុល្លារអាមេរិក របស់លោក ម៉ាកូតូ ហ្វូកាហ្គាវ៉ា ជាម្ចាស់ជំនួយនិងជាសប្បុរសជនជប៉ុន តាមរយៈលោក ម៉ាថូម៉ាស់ ជេននី សហស្ថាបនិកសមាគមសម្រេចសុបិន្តកុមាកម្ពុជា ស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ព្រមទាំងបំពាក់ នូវគ្រឿងសង្ហារឹម បន្ទប់ទឹក បង្គន់អនាម័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ច័ន្ទ សុផល អភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងម្ចាស់ជំនួយ និងសហការី របស់សមាគមសម្រេចសុបិន្តកុមារកម្ពុជា ជាច្រើនរូបទៀត។
តំណាងម្ចាស់ជំនួយបានគូសបញ្ជាក់ថា៖ ដោយមើលឃើញពីការលំបាកនៅក្នុងសហគមន៍ និង កំណើនសិស្ស ពីមួយឆ្នាំទៅមួយឆ្នាំហើយសាលាមានកង្វះខាតនូវអាគារនិងថ្នាក់សិក្សាសម្រាប់ឆ្លើយតបពីតម្រូវការចាំបាច់របស់សិស្សសាលាដែលមានកំណើនកើនឡើងផងនោះ ទើបអង្គការសម្រេចសុបិន្តកុមារកម្ពុជា ផ្តល់នូវអាគារសិក្សាថ្មីមួយខ្នងនេះឡើង ដែលបានចំណាយថវិកាសាងសង់សរុប ៥៤.០០០ដុល្លារអាមេរិក ក្នុងនោះរួមមានៈ អាគារសិក្សា១ខ្នង ៥បន្ទប់,បន្ទប់ទឹក,បង្គន់អនាម័យ,ក្លោងទ្វារនិងបានបំពាក់នូវគ្រឿងសង្ហារឹមក្នុងថ្នាក់រៀនគ្រប់គ្រាន់។
លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះម្ចាស់ជំនួយនិងសប្បុរសជនជប៉ុន ព្រមទាំងសហការីទាំងអស់របស់ អង្គការសម្រេចសុបិន្តកុមារកម្ពុជា ដែលតែងតែផ្តល់នូវអាគារសិក្សានៅតាមសាលាតាមបណ្តាស្រុកនានា ដែលស្ថិតក្នុងសហគមន៍ជនបទ ហើយសកម្មភាពទាំងនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅតាមជនបទ របស់ ខេត្តបាត់ដំបង ជាបន្តបន្ទាប់ ។
លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានចាត់ទុកសាលារៀនគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងសហគមន៍ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គមជាតិទាំងមូល។ដូចនេះការលើកកម្ពស់វិស័យអប់រំនៅតាមមូលដ្ឋានសហគមន៍ គឺជាអាទិភាពចំពោះមុខដ៏មានសារៈសំខាន់សម្រាប់រដ្ឋបាលស្រុក-ឃុំ ហើយដែលត្រូវតែបង្កើននូវការយក ចិត្តទុកដាក់។
លោកក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា៖វិស័យអប់រំគឺជាចំណុចគន្លឹះនៅក្នុងទស្សនៈវិស័យអភិវឌ្ឍន៍យូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អប្រព័ន្ធអប់រំដើម្បីធ្វើឲ្យសេវាអប់រំកាន់តែជ្រាបចូលទៅដល់តំបន់ជនបទ ដែលពុំមានលទ្ធភាពទទួលបានការអប់រំទូលំទូលាយនិងជាផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងសម្រាប់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងរយៈពេល៥ឆ្នាំរបស់ខេត្តបាត់ដំបង និងដើម្បីជម្រុញការអភិវឌ្ឍន៍វិស័យឲ្យរឹតតែខ្លាំងក្លាថែមទៀត។
ជាមួយគ្នានេះ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ក៏បានផ្តល់នូវអនុសាសន៍ជំរុញឲ្យមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង អាជ្ញាធរពាក់ព័ន្ធធ្វើយ៉ាងណាឲ្យ អនុវិទ្យាល័យបួរ សព្វថ្ងៃតម្លើងទៅជា“ វិទ្យាល័យ ”វិញដើម្បីឆ្លើយតបពីកំណើនសិស្សនិងជួយសម្រួលដល់ការសិក្សារបស់ក្មួយៗក្នុងមូលដ្ឋាន៕