​ឃាត់​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ការ បាញ់សម្លាប់​អ្នកកាសែតនៅ​ខេត្តក្រចេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 October, 2014 ក+ ក-

​ខេត្តក្រចេះ​៖ ជនសង្ស័យ​ចំនួន​៤​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​បាញ់ សម្លាប់​អ្នកកាសែត​ម្នាក់​នៅ​ស្រុក​ស្នួល​ត្រូវ​កម្លាំង​នគរបាល​ខេត្ត ក្រចេះ​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​នា​ល្ងាច​ថ្ងៃទី​១២ ខែតុលា នេះ ស្ថិតនៅ​ស្ពាន​ព្រែក​ឆ្លូង ស្រុក​ស្នួល ខេត្តក្រចេះ​។​

អ្នកឆ្លើយឆ្លង​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ បាន​ឲ្យ​ដឹងថា ក្រោយពេល​កើតហេតុ​ភ្លាម​សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​ជនសង្ស័យ​រួច​បានចេញ​ស្វែងរក​ចាប់ខ្លួន​តែម្តង​ក្នុងនោះ​មានឈ្មោះ រស់ និង​ឈ្មោះ ហៀ​ង ព្រមទាំង​បក្ខពួក ២​នាក់​ទៀត ហើយ​បាន​នាំយក​ជនសង្ស័យ​ទាំង ៤​នាក់ នោះ​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាត​មនុស្ស​លើ​អ្នកកាសែត​កាលពី​រំលង​អា​ធ្រា​ត្រ​។​

ប្រភព​បន្តថា អ្នកកាសែត​ដែល​ឈ្មួញ​ឈើ​បាញ់សម្លាប់​កាលពី​រំលង​អា​ធ្រា​ត្រ ឈានចូល ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៤​នោះមានឈ្មោះ​តាំង ទ្រី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ កាន់​កាត​កាសែត​សមាគម​ខ្មែរ អ្នកប្រជាធិប តេយ្យ និង​ជា​អ្នកយកព័ត៌មាន​កាសែត​«​ថ្ងៃនេះ​»​។ ជនរងគ្រោះ ត្រូវ​បាញ់​ចំក្បាល​ស្លាប់​នៅក្បែរ​រថយន្ត ។ ហេតុការណ៍​នេះ បានកើត​ឡើងនៅ លើ​ផ្លូវជាតិ​កាច់​ទៅ​ភូមិ​ទួល​ពន្លៃ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​។ បន្ទាប់ពី​បាញ់​ស្លាប់​រួច ក្រុម​ជនល្មើស​បាន​ជិះឡាន​លុច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ​គេចខ្លួន​ តែ​បើករថយន្ត​បាន​ប្រមាណ ៥០០​ម៉ែត្រ ពី​កន្លែងកើត ហេតុ​ក៏​ក្រឡាប់ ហើយ​ជនល្មើស​បាននាំគ្នា​រត់គេច​ខ្លួន​បាត់​បន្សល់ទុក   រ​ថយ​ន្ត​ដែល​ក្រឡាប់​នោះ​ចោល​។​

សេចក្តីរាយការណ៍​បន្ត​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ និង​មិត្តភក្តិ​រួមការ​ងារ​បាន ជិះឡាន​ទៅ​មើល​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ នៅ​ចំណុច​ជួរ​ក្រាំង​ឃុំ​ខ្សឹ​ម ស្រុក​ស្នួល​។ នៅពេល​ទៅដល់​ថៅកែ​ឈើ​បាន​ហៅ “ ចរចា ” ។​

អ្នកកាសែត​ម្នាក់​ដែល​បានដឹង​ហេតុការណ៍​នេះ​និយាយថា មុនពេល​កើតហេតុ​មាន​អ្នកកាសែត​ប្រមាណ ៥ ទៅ ៦​នាក់ បាន​ចុះ​ទៅយក​ព័ត៌មាន​ទាក់ទង​នឹង​រឿង​ឈើ​ប្រណីត​នេះ ប៉ុន្តែ​នៅពេល​ត្រឡប់មកវិញ​នៅ​ម៉ោង​ប្រមាណ ១២​អា​ធ្រា​ត្រ ថ្ងៃទី​១១ ឈានចូល​ថ្ងៃទី​១២ តុលា ស្រាប់តែ​រថយន្ត​របស់​លោក តាំង ទ្រី ជាប់ផុង ប៉ុន្តែ​ពួកលោក​មក​មុន​ហួស​ទៅ​ហើយ ក៏​នាំគ្នា​ចូល​សម្រាក​អស់​ទៅ ស្រាប់តែ​ព្រឹក​ឡើង​ទើប​ដឹងថា​លោក តាំង ទ្រី ត្រូវគេ​បាញ់​ស្លាប់​។​

លោក​យល់ថា ការស្លាប់​នេះ គឺពាក់ព័ន្ធ​នឹង​ឈ្មួញ​ឈើ​នោះ​ហើយ ពីព្រោះ​នៅក្បែរ​កន្លែងកើតហេតុ​មាន​បន្សល់ទុក​រថយន្ត​ម៉ាក ឡិច​ស៊ី​ស ៤៧០ (LUXES 470) ពណ៌​ខ្មៅ ហើយ​កន្លងមក​ឈ្មួញ​ឈើ​ក៏​ធ្លាប់បាន​គំរាម​ពួកលោក​ថែមទៀត​ផង​៖ «​កន្លងមក​តែងតែមាន​ដែរ ពាក់ព័ន្ធ​នឹង​ការគំរាមកំហែង​ប្រើពាក្យ​អសុរោះ ការប្រមាថ​ជា​រៀងរហូត ប៉ុន្តែ​គ្រាន់តែ​មិនមាន​ករណី​ដល់​បាញ់សម្លាប់​គឺមាន​តែ​ការប្រមាថ​ថា ប្រយ័ត្ន​ធ្វើ​អ៊ីចេះ ប្រយ័ត្ន​ធ្វើ​អ៊ីចុះ​។​អ្នក​ដែល​ធ្វើ​ហ្នឹង​មានតែ​ឈ្មោះ​ល្បីៗ​ពីរ​បីនាក់​ទេ​ជើង​ខ្លាំង​។ មាន​មួយទៀត​ឈ្មោះ ហៀ​ង ធ្លាប់ជា​ប៉ូលិស​នៅក្នុង​ទឹកដី​ស្រុក​យើង​នេះ ប៉ុន្តែ​មិនមែន ហ៊ាង អធិការ​ស្រុក​ចិត្រ​បូរី​ទេ គឺ​ហៀ​ង ផ្សេង ហើយ​មួយទៀត​ឈ្មោះ រស់ សុទ្ធតែជា​អ្នកល្បី​ដែល​ចូលចិត្ត​ប្រើ​កាំភ្លើង​បាញ់បោះ​សេរី​។​

គួររំលឹកថា កន្លងមក​នៅ​ខេត្តក្រចេះ​ត្រូវគេ​មើលឃើញថា ជា​ទឹកដី​ដែល​ប្រមូលផ្តុំ​ដោយ​ឈ្មួញ​រកស៊ីឈើ​សំខាន់ៗ និង​មាន​ឥទ្ធិពល ប៉ុន្តែ​មិនដែល​ឃើញ​អាជ្ញាធរ​ដែនដី​ឬ​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​យកទៅ ផ្តន្ទាទោស​ម្តងណា​ឡើយ បើទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​ធ្លាប់បាន​ព្រមាន​ជា​ញឹកញាប់​បែបណា​ក៏ដោយ​។ កត្តា​ដែល​មិន​អើពើ​ចំពោះ​បទល្មើស​ព្រៃឈើ​របស់​អាជ្ញា​ធរ​ខេត្ត​គឺជា​ការលើកទឹកចិត្ត​ដល់​ក្រុម ឈ្មួញ​ទុច្ចរិត ហើយ​ញ៉ាំង​ឲ្យ​ពួក​ទាំងនោះ​រីកថ្លើមហ៊ាន​ធ្វើឃាត​អ្នក កាសែត​ទៀតផង​។​ស្រដៀង​គ្នា​នេះដែរ នៅ​ខេត្តក្រចេះ​ត្រូវគេ​ដឹងថា​ជា​ខេត្ត​ដែល​អ្នកកាសែត​ត្រូវគេ​ឃាត់ខ្លួន ឃុំខ្លួន និង​ប្រមាថ​គំរាម​សម្លាប់​ពី​ក្រុម​ឈ្មួញ​ឈើ​ច្រើនជាងគេ​ក្នុងចំណោម​ខេត្ត​ផ្សេងទៀត​៕​ ជំនិត

Untitled-1Untitled-1

 

 

 

 

 

 

 

 

Untitled-1Untitled-1

 

 

 

 

 

 

 

 

Untitled-1

 

 

 

 

Untitled-1Untitled-1