អាមេរិក៖អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Tony Blinken ធ្វើការអំពាវនាវសុំឲ្យចិនមានការទទួលខុសត្រូវនៅលើទង្វើនានារបស់កូរ៉េខាងជើង ពីព្រោះទីក្រុងប៉េកាំង មានទំនាក់ទំនងដ៏ពិសេសជាមួយទីក្រុងព្យុងយ៉ាង។
ការអំពាវនាវរបស់លោក Tony Blinken នេះធ្វើឡើងក្រោយពីកូរ៉េខាងជើងដែលជាសម្ព័ន្ធមិត្តរបស់ចិន បានធ្វើការបាញ់សាកល្បងគ្រាប់បែកបរិមាណូជាលើកទីបួនរបស់ខ្លួនកាលពីថ្ងៃទី៦មករាកន្លងមក។
លោកអនុរដ្ឋមន្ត្រីក៏បានក្រើនរំលឹកប្រទេសចិនឲ្យដើរតួនាទីដ៏សំខាន់មួយក្នុងការខិតខំប្រឹងប្រែងជាលក្ខណៈអន្តរជាតិ ដើម្បីពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងទល់នឹងទីក្រុងព្យុងយ៉ាង។
ចិនជាសម្ព័នមិត្ត និងជាអ្នកជួយផ្តល់ដង្ហើមសេដ្ឋកិច្ចឲ្យដល់កូរ៉េខាងជើង ក៏ប៉ុន្តែទំនាក់ទំនងរវាងព្យុងយ៉ាង និងប៉េកាំងបានរសាត់ឃ្លាតឆ្ងាយពីគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកដោយ សារចិនលែងគាំទ្រនូវទង្វើបង្កហេតុរបស់កូរ៉េខាងជើងជាអាទិ៍នៅលើវិស័យបរិមាណូ។
គួរបញ្ជាក់ថា កូរ៉េខាងជើងទើបនឹងបានប្រកាសយ៉ាងខ្ទរខ្ទារពីជោគជ័យរបស់ខ្លួននៅក្នុងការបាញ់សាកល្បងគ្រាប់បែកបរិមាណូប្រភេទអ៊ីដ្រូហ្សេនកាលពីថ្ងៃទី៦មករាកន្លងទៅនេះ៕