​នាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ អ្នក​ប្រឌិត​ព័ត៌មានប្រមាថ​ជីវិត​លោក ជា​កូនចៅ​របស់​ជនពាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2016 ក+ ក-

aabaabដោយ​៖​ខេមរា​

ភ្នំពេញ​៖​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ព្រមាន​ដល់​អ្នក​ដែល​ប្រឌិត ព័​ត័​មាន​ប្រមាថ​អាយុជីវិត​របស់លោក ខណៈ​លោក​កំពុង​ពិនិត្យ​សុខភាព​នៅ​សឹង្ហ​បូរី និង​ចាត់ទុក​អ្នក​ថា​នោះ ជា​កូនចៅ​របស់​ជនពាល ។​

​ក្នុង​ហ្វេ​ស​ប៊ុ​កលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ២១ ខែមករា បាន​លើកឡើងថា អ្នក​ដែល​ប្រឌិត​ព័ត៌មាន​ថា​លោក​ស្លាប់​នៅក្នុងពេល​លោក​កំពុង​ពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហ​បុរី​នោះ​គឺជា​កូនចៅ​របស់​ជនពាល​។​លោក​ថា អ្នកនោះ​ជា​សកម្មជន​គណបក្សនយោបាយ​ដែល​មេដឹកនាំ​របស់ខ្លួន​ជា​ជនពាល ជា​ជន​បោកប្រាស់​អាជីព ហ្វឹកហ្វឺន​តាមរបៀប​ក្មេង​ពាល ដែល​សង្គម​ស្អប់ខ្ពើម​។ លោក​ថា ពេល​មាន​បញ្ហា​អ្នក​នោះឯង​តែងតែ​រត់ចោលស្រុក​ទុក​ឲ្យ​ថ្នាក់ក្រោមជាប់គុក​ជំនួស​។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា លោក​បាន​វិល​ត្រឡប់មកវិញ ជាមួយនឹង​សុខភាព​រឹងមាំ​ផងដែរ​។​

​គួរ​ជម្រាប​ថា កាលពី​ថ្ងៃទី​១៨ ខែមករា កន្លងមកនេះ លោក ហ៊ុន សែន បាន​ទៅពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​របស់លោក នៅ​ប្រទេស​សិង្ហ​បុរី តាម​ការណែនាំ និង​ការស្នើ​ពី​គ្រូពេទ្យ​កម្ពុជា ដើម្បី​ពិនិត្យ​ឲ្យ​ប្រាកដ​នូវ​ប្រភេទ​ជំងឺ​ខ្លះ ដែល​ពេទ្យ​កម្ពុជា​ខ្វះ​ឧបករណ៍​។​

​លោកនាយក​រដ្ឋមន្ត្រី​ក៏​បញ្ជាក់​ផងដែរ​ថា មាន​ឯកសារ​ច្រើនណាស់​ដែល​រង់ចាំ​លោក​ពិនិត្យ និង​សម្រេច​បន្ទាប់ពី​លោក​អវត្តមាន​ចំនួន​៤​ថ្ងៃនេះ​៕

( រូបថត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មកពី​បំពេញ​ទស្សនកិច្ច​ នៅ​ប្រទេស​បារាំង នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ )