ដោយ៖ស សាម
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៦ បុគ្គលិកក្រុមហ៊ុនប្រេងឥន្ទនៈ តេលា ផ្នែកបើកបរជាងមួយរយនាក់លើកគ្នាតវ៉ានៅក្នុងសហគ្រាសរបស់ខ្លួន ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងភូមិដើមពោធិ សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីទាមទារលក្ខខ័ណ្ឌការងារ១២ ចំណុច ។
តំណាងបុគ្គលិកផ្នែកបើករថយន្តអោយក្រុមហ៊ុន តេលា ម្នាក់បានអោយដឹងថា ល័ក្ខខ័ណ្ឌ១២ ចំណុចដែលពួកគេតវ៉ាទាមទារនាពេលនេះ រួមមាន ១ សុំប្រាក់ខែគោល ៣៥០ ដុល្លារ ២. សុំលុយគីឡូម៉ែត្រគុណជាពីរ ៣. សុំលុយចំណាយទូរទៅ លើកក្រុមហ៊ុន (លាងរថយន្ត នឹង ប៉ះកង់រថយន្ត) ៤. សុំសម្រាកថ្ងៃអាទិត្យ ហើយបើអោយធ្វើការក្រុមហ៊ុនត្រូវគុណថ្លៃជាពីរ ៥ . សុំពេលធ្វើការងារចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ៦ ល្ងាច ( ធ្វើលើសម៉ោងសុំគុណជាពីរ ) ៦ . ជួបគ្រោះថ្នាក់ក្នុងម៉ោងធ្វើការសូមអោយក្រុមហ៊ុនជួយរកដំណោះស្រាយជូន ។ ៧ សុំលុយបេសកម្មទៅតាមយន្ត១ថ្ងៃ ៨ដុល្លារ នឹងលុយបាយ១ថ្ងៃ ៨ ដុល្លារ ។ ៨ សុំលុយដំណាច់ឆ្នាំ ទី ៩ សុំអោយក្រុមហ៊ុនដោះលែងមនុស្សម្នាក់ឈ្មោះ គុណ លិន ដែលបានចាប់ខ្លួន នឹងអោយក្រុុមហ៊ុនដកបណ្តឹងទាំង៥នាក់ ។ ១០ សុំអោយអ្នកទាំង៥ ចូលបម្រើការងារវិញ ១១ ក្រុមហ៊ុនត្រូវទទួលធានារ៉ាប់រងអាយុជីវិតបើគ្មានដំដោះស្រាយទេ ពួកគេមិនចូលមិនការទេ ។ ១២ សូមអោយក្រុមហ៊ុន រំសាយមេកងចោល ។
ចំពោះលក្ខខ័ណ្ឌទាំង ១២ ចំណុចខាងលើនេះ ភាគីក្រុមហ៊ុន មិនអាចដោះស្រាយជូនបានឡើយ ដោយតំណាងក្រុមហ៊ុនបានថ្លែងថា បើបុគ្គលិកដែលមកតវ៉ាទាមទារលក្ខខ័ណ្ឌការងារទាំងអស់នេះយកប្លង់ផ្ទះ ឬប្លង់ដីមកតម្កល់នៅក្រុមហ៊ុន ទើបក្រុមហ៊ុនអាចរកដំណោះ ស្រាយអោយបានខ្លះ ។
ប៉ុន្តែការថ្លែងរបស់តំណាងក្រុមហ៊ុនបែបនេះ ធ្វើអោយក្រុមបុគ្គលិកប្រតិកម្មយ៉ាងខ្លាំងថែមទាំងនិយាយថា បុគ្គលិកខ្លះជួលផ្ទះគេនៅ តើទៅយកប្លង់ផ្ទះ ប្លង់ដីមកពីណាបានទៅ ដូច្នេះពួកគេបានស្រែកថា នឹងមិនចូលបម្រើការងារវិញទេ ទាល់តែក្រុមហ៊ុនរកដំណោះស្រាយជូនពួកគេសិន ៕