ខេត្តកំពង់ឆ្នាំង៖ ឈ្មួញ និងមន្ត្រីមួយចំនួនកំពុងត្រូវប៉ាន់យ៉ាងខ្លាំងដោយអាជ្ញាធរ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង បានឈូសឆាយ អង្កន់ដីព្រៃលិចទឹកលក់ដោយមានចេញលិខិតបញ្ជាក់ទទួលស្គាល់ពីភូមិ សង្កាត់ ទៀតផង។ប៉ុន្តែក្រោយពីបែកធ្លាយថា ការលក់ទិញលក់ដីនោះស្ថិតក្នុងភាពមិនប្រក្រតី ប្រជាពលរដ្ឋដែលលង់ខ្លួនទិញដីនោះបាននាំគ្នាទៅទារលុយពីអ្នកឈរលក់វិញ។
ថ្មីៗនេះ តំបន់ដីព្រៃលិចទឹកស្ថិតក្នុងសង្កាត់ខ្សាម ជាប់មាត់ទន្លេ ក្រុងកំពង់ឆ្នាំង គេឃើញក្រុមឈ្មួញ និងមន្ត្រីមូលដ្ឋានបានដើរកាន់ប្លង់បង្ហាញទីតាំងរូបរាងដីដែល អង្កន់ពុះជាឡូត៍ ដើម្បីលក់បន្តអោយប្រជាបលរដ្ឋក្នុងមួយឡួតិ៍មានទីហំ ៥ម៉ែត្រ គុណនឹង ២០ម៉ែត្រលក់ក្នុងតម្លៃចាប់ពី១ពាន់ដុល្លាឡើងទៅ ហើយការលក់ ទិញដីនៅក្នុងតំបន់២ដែល ជាប្រភេទដីលិចទឹកទាំងនោះគឺមានអាជ្ញាធរភូមិ និងឃុំ ហ៊ានចុះហត្ថលេខាលើលិខិតទិញ-លក់យកទៅធ្វើជាកម្មសិទ្ធិផ្តាច់មុខទៀតផង ។
ទង្វើខាងលើត្រូវបានគេមើលឃើញថា អាជ្ញាធរភូមិ និងសង្កាត់ខ្សាម កំពុងតែផ្គើននឹងអនុក្រឹត្យស្តីពីការគ្រប់គ្រង និងទប់ស្កាត់ការរុករាន និងទន្ទ្រានដីព្រៃលិចទឹក ធ្វើជាកម្មសិទ្ធិ ។
យោងអនុក្រិត្យរបស់ប្រមុខរដ្ឋាភិបាល បានកំណត់អោយរដ្ឋបាលជលផល និងធនធាទឹកត្រួតពិនិត្យនិងទប់ស្កាត់ការទន្ទ្រានតំបន់លិចទឹកពីសំណាក់ជនខិលខូចមួយចំនួនលួចទន្ទ្រានធ្វើជាកម្មសិទ្ធិ ។ដោយឡែក ដីព្រៃលិចទឹកតំបន់២ គឺជាដែនជម្រកត្រីពងកូន ដែលអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអភិរក្ស ដើម្បីជាប្រយោជន៍នៃការកើនឡើងនៃធនធានមច្ឆជាតិសម្រាប់ឲ្យប្រជាពលរដ្ឋអាចរស់នៅអាស្រ័យផលដែលមានជាលក្ខណៈគ្រួសារ ប៉ុន្តែមិនអាចមានសិទ្ធិធ្វើប្លង់កម្មសិទ្ធិកាន់កាប់ឯកជន ឬលក់ដូរបានឡើយ ។
ក្រោយពីអាជ្ញាធរខេត្តកំពង់ឆ្នាំង បានលើកគម្រោងធ្វើការអភិវឌ្ឍន៍តំបន់ទន្លេផ្សារក្រោមចំនួន៧ជំហាន ដែលប្រជាពលរដ្ឋក្នុងស្រុកកំពុងតែគាំទ្រ និងកោតសរសើរនោះ បែរជាឱកាសរបស់ក្រុមឈ្មួញខិលខូចមួយចំនួនរៀបចំដីតំបន់២ជាតំបន់ដីព្រៃលិចទឹកដែលជាដែនជម្រកត្រីពងកូន យកមកពុះជាឡូតិ៍លក់អោយប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅជាប់មាត់ទន្លេ ក្នុងសង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង ទៅវិញ។
អភិបាលរងខេត្តកំពង់ឆ្នាំង លោកស៊ុន សុវណ្ណារិទ្ធិ បានប្រាប់អ្នកាកកាសែតកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅថា ករណីនេះ អាជ្ញាធរខេត្តបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដោយហេតុផលថា ដីដែលឈ្មួញកំពុងធ្វើការផ្សព្វផ្សាយលក់ដូរ គឺជាដីរបស់រដ្ឋស្ថិតក្នុងតំបន់២ មិនមានអនុប្រយោគចេញដោយរដ្ឋាភិបាលឡើយ ។
ទោះយ៉ាងណាក្រុមឈ្មួញទាំងនោះ និងអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ បានឃុបឃិតគ្នាឆ្លៀតឱកាសក្រោមរូបភាពគម្រោងអភិវឌ្ឍន៍របស់ខេត្តបង្វែរទៅជាពុះឡូតិ៍លក់ទៅវិញ។ប្រសិនបើមានបញ្ហាអាក្រក់កើតឡើង តើនរណាទទួលខុសត្រូវ គឺ មានតែប្រជាពលរដ្ឋទេជាអ្នករងគ្រោះមុនគេ ។
បើតាមប្រជាពលរដ្ឋដែលបានទិញដីក្នុងតំបន់នោះ បានទម្លាយថា ក្រុមឈ្មួញទាំងនោះបានស៊ីដាច់លុយប្រជាពលរដ្ឋមួយចំនួនហើយ និងក៏មានអ្នកស្រក់ទឹកកភ្នែកខ្លះៗហើយដែរ។អ្នកខ្លះអស់៨០០ដុល្លារ អ្នកខ្លះទៀតអស់១០០០ដុល្លារ ដែលលុយកក់ទាំងនោះមិនមានលិខិតស្នាមអ្វីយកជាផ្លូវការ ទើបប្រជាពលរដ្ឋដកសេចក្តីទុកចិត្ត ហើយទាមទារយកលុយមកវិញ តែពួកក្រុមឈ្មួញមិនបានប្រគល់អោយវិញទេ។
ទង្វើទាំងនេះបានប៉ះពាល់ដល់គម្រោងការអភិវឌ្ឍន៍ របស់អាជ្ញាធរខេត្តកំពង់ឆ្នាំង ជាពិសេសប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយបានផ្ទុយពីយុទ្ធសាស្ត្រគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ព្រោះថាមិនទាន់ដល់ជំហ៊ានដំណាក់កាលការអភិវឌ្ឍន៍នៅតំបន់២ ជាតំបន់ព្រៃលិចទឹកនោះឡើយ លុះត្រាតែមានការស្នើសុំពីរដ្ឋាភិបាល ហើយមានការត្រួតពិនិត្យ និងអនុញ្ញាតត្រឹមត្រូវពីរដ្ឋាភិបាល ទើបអាចដំណើរការទៅកើត ។
មជ្ឈដ្ឋានទូទៅអំពាវនាវសូមអោយលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង មេត្តាពិនិត្យអោយបានស៊ីជម្រៅព្រោះថា អ្នកដែលទទួលរងគ្រោះ គឺប្រជាពលរដ្ឋទិញដីដើម្បីសង់លំនៅដ្ឋានរស់នៅ ដែលពុំបានយល់ដឹងចំពោះការលក់-ទិញដីចំណុចខាងលើនេះថាជាការលក់ ទិញដោយស្របច្បាប់ ឬមិនស្របច្បាប់នោះឡើយ ។
មេគង្គប៉ុស្តិ៍ នីងព្យាយាមទាក់ទងលោកអភិបាលខេត្តដើម្បីសុំការពន្យល់ជាថ្មីករណីមន្ត្រីថ្នាក់មូលដ្ឋានពុះដីក្នុងតំបន់ព្រៃលិចទឹកជាសម្បត្តិសាធារណរបស់រដ្ឋ លក់ឲ្យប្រជាពលរដ្ឋដូចខាងលើនេះឲ្យបានច្បាស់ថា តើមានរឿងហេតុដូច្នេះមែនឬយ៉ាងណា ? ហើយតើនរណាជាអ្នកសម្រេចឲ្យលក់? ៕