ខេត្តបាត់ដំបង៖ ក្នុងចំណោមទីតាំងជីកយកអាចម៍ដីលក់នៅជាយក្រុងបាត់ដំបង គេឃើញមានរណ្តៅដីចំនួនពីរកន្លែងធ្វើឲ្យប្រជាពលរដ្ឋមានក្តីបារម្ភ និងខឹងសម្បារយ៉ាងខ្លាំង ហើយបានចោទប្រកាន់អាជ្ញាធរថា ស៊ុមគ្រលុំគ្នាប្រព្រឹត្តអំពើពុករលួយមិនគិតគូរពីគ្រោះថ្នាក់ដែលអាចកើតឡើងដោយសារពួកថៅកែនាំគ្នាជីកជ្រៅហួសកម្រិតនោះឡើយ។
ក្រុមប្រជាពលរដ្ឋដែលរស់នៅក្បែរវត្តគរ ក្រុងបាត់ដំបង បាននាំគ្នាមកជួបរាយការណ៍ប្រាប់ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ ថា នៅបាត់ដំបងសព្វថ្ងៃនេះ មានថៅកែច្រើនណាស់ដែលរកស៊ីជីកយកអាចម៍ដីលក់ ប៉ុន្តែមានថៅកែមួយចំនួនតូចប៉ុណ្ណោះដែលគោរពតាមការណែនាំរបស់អាជ្ញាធរដែនដី ដើម្បីកុំឲ្យប៉ះពាល់បរិស្ថាន និងដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសត្វពាហៈនៈ ដែលអាចធ្លាក់ស្លាប់ក្នុងរណ្តៅដ៏ជ្រៅនោះ។នេះគេមិនទាន់និយាយដល់ការដឹកជញ្ជូនឆ្លងកាត់ទីប្រជុំជននានាដែលជ្រុះអាចម៍ដីពាសពេញផ្លូវ និងធូលីហុយទ្រលោមធ្វើឲ្យប៉ះពាល់បរិស្ថាន សុខភាពប្រជាពលរដ្ឋនោះផងទេ។
មន្ត្រីអាជ្ញាធរមូលដ្ឋានម្នាក់សុំមិនបញ្ចេញឈ្មោះ បាននិយាយទាំងក្តីមួរម៉ៅថា ក្នុងចំណោមថៅកែអាចម៍ដីនៅក្រុងបាត់ដំបងនេះ មានថៅកែពីរនាក់ដែលគេឃើញថា បានជីករណ្តៅដីជ្រៅហួសហេតុមិនគោរពតាមការណែនាំរបស់អាជ្ញាធរទេ សូម្បីតែថ្នាក់ដឹកនាំខេត្តក៏គេមិនយកត្រចៀកស្តាប់ដែរ ព្រោះបើគេគោរពច្បាប់គេមិនជីកណ្តៅដីជ្រៅហួសហេតុតាមទំនើងចិត្តបែបនេះទេ គឺពីជាង១០ម៉ែត្រទៅជាង២០ម៉ែត្រឯណោះ។
ប្រភពដដែលបន្តថា ថៅកែដីដែលក្លាហានក្នុងការជីកបំពានច្បាប់នោះមាន ១-ឈ្មោះ ហេង អេង មានទីតាំងរណ្តៅដីស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង និងម្នាក់ទៀតឈ្មោះ លាភ ណារី មានទីតាំងនៅភូមិស្ពុង ឃុំអន្លង់វិល ស្រុកសង្កែ ។
បើទោះបីជាយ៉ាងនេះក្តី ក៏គ្មានសមត្ថកិច្ចណាចុះត្រួតពិនិត្យចាត់វិធានការដែរ ។ការដែលគ្មានចំណាត់លើករណីជីករណ្តៅដីមានជម្រៅហួសបទដ្ឋានយ៉ាងអនាធិបតេយ្យរបស់ថៅកែទាំងពីរនាក់ខាងលើនេះ ត្រូវបានគេដាក់ការសង្ស័យលើមន្ត្រីដឹកនាំតាំងពីថ្នាក់មូលដ្ឋានរហូតដល់លោកអភិបាលខេត្តថា បានស៊ុមគ្រលុំគ្នាប្រព្រឹត្តិអំពើពុករលួយបណ្តែតបណ្តោយឲ្យថៅកែដីទាំងពីរបង្កព្យុះភ្លៀងក្នុងការធ្វើអាជីវកម្មលក់អាចម៍ដីប្រមូលលុយច្រកហោប៉ៅផ្ទាល់ខ្លួន មិនខ្វល់ខ្វាយពីផលវិបាក ឬគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងលើប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រនោះឡើយ។
បុរសចំណាស់ម្នាក់ ឈ្មោះ ជុន ដែលអះអាងថាជាពលរដ្ឋរស់នៅក្នុងឃុំអន្លង់វិល ស្រុកសង្កែ បានរិះគន់ថៅកែរណ្តៅ និងមន្ត្រីជំនាញថា អាជ្ញាធរមិនមែនខ្លាចញញើតឋានៈត្រឹមជាថៅកែរណ្តៅដីនោះឡើយ ប៉ុន្តែបើមិនឃើញគេចាត់វិធានការបង្ក្រាបបទល្មើសនោះទេ មានន័យថា គេពិតជាខ្លាចលុយរបស់ថៅកែរណ្តៅដី ជាថ្នូរនឹងការធ្វើមិនដឹងមិនឮចង់គេជីកជម្រៅណាក៏ជីកទៅ។ប្រភពបន្តថា ថៅកែរណ្តៅដីមិនគួរអសីលធម៌ពេកទេ ព្រោះចំណូលដែលបានមកពីអាជីវកម្មនេះ ចូលហោប៉ៅថៅកែតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែជីវិតមនុស្សសត្វយ៉ាងច្រើនដែលរស់នៅជុំវិញតំបន់នោះ ប្រឈមនឹងសេចក្តីស្លាប់គ្រប់ពេលដោយសារការរកស៊ីរបស់ថៅកែ។
បុរសចំណាស់ដដែលបានសំណូមពរដល់អភិបាលខេត្តបាត់ដំបង លោក ចន្ទ សុផល គួរចុះពិនិត្យផ្ទាល់ដល់ទីកន្លែង និងចាត់វិធានការឲ្យបានតឹងរ៉ឹងផង មិនគួរអង្គុយចាំស្តាប់របាយការណ៍ភូតពីមន្ត្រីខិលខូចក្រោមឱវាទមួយចំនួនដែលរង់ចាំតែឆ្លៀតឱកាសប្រព្រឹត្តិអំពើពុករលួយនោះឡើយ ។
គួរជម្រាបថា រណ្តៅដីដ៏ជ្រៅសែនជ្រៅរបស់ថៅកែ ហេង អេង នៅសង្កាត់វត្តគរ ក្រុងបាត់ដំបង និងថៅកែ លាភ ណារី នៅក្នុងឃុំអន្លង់វិល ស្រុកសង្កែ នាបច្ចប្បន្ននេះបានបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ពិសេសនៅរដូវវស្សា ព្រោះជាតំបន់ដែលប្រជាពលរដ្ឋ និងកូនចៅរបស់ពួកគាត់ ឬសត្វពាហៈនៈ ត្រូវធ្វើដំណើរឆ្លងកាត់ទីនោះ ហើយអាចនឹងធ្លាក់លង់ទឹករណ្តៅដីនោះស្លាប់ជាមិនខានឡើយ៕