ខេត្ត​មួយចំនួន​រង​អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅ​ថ្ងៃទី ២៥-២៦ ខែមករា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2016 ក+ ក-

 

22228888777333ដោ​យ៖រដ្ឋា​

​ភ្នំពេញ​៖ សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់​ខ្លាំង នៅ​ថ្ងៃទី​២៥ និង​ទី​២៦ ខែមករា ឆ្នាំ​២០១៦ នេះ នៅ​បណ្តា​ខេត្ត​មួយចំនួន​ដូចជា ខេត្តព្រះវិហារ ឧ​ត្ត​រ​មានជ័យ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ។​

​យោងតាម​ការព្យាករណ៍​ផ្នែក​ឧ​ត្តុ​និយម អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់ចុះ​ក្នុង​ចន្លោះ ១៤-១៦ អង្សា​សេ ។​នៅតាម​បណ្តា​ខេត្ត​មួយចំនួន រួមទាំង​រាជធានី​ភ្នំពេញ​ផងដែរ សីតុណ្ហភាព​នឹង​ធ្លាក់ចុះ​ក្នុង​ចន្លោះ ១៩-២១ អង្សា​សេ ចំណែក​នៅតាម​ខេត្ត​មាត់សមុទ្រ​ចុះមក​ត្រឹម​ចន្លោះ ពី​២២-២៤ អង្សា​សេ​។

លិខិតបញ្ជាក់​ពី​ការព្យាករណ៍ ក៏បាន​ប្រកាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ពិសេស​មនុស្ស​ចាស់​ដែល​រស់នៅក្នុង​តំបន់​ដូច​បាន​រៀបរាប់​ខាងលើ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប្រឆាំង​ទប់​នឹង​ធាតុអាកាស​ត្រជាក់​ដើម្បី​ចៀសវាង​ពី​ជំងឺ​ផ្សេងៗ​។

​គួរបញ្ជាក់ថា ជំងឺ​តាម​រដូវ​កាលដែល​ជួប​ញឹកញាប់​អំឡុងពេល​អាកាសធាតុ​ត្រជាក់​ចន្លោះ​ពី​ខែធ្នូ​ដល់ ខែមករា គឺ​ជំងឺ​ផ្លូវដង្ហើម​បណ្តាលមកពី​វីរុស ដូចជា​គ្រុនផ្តាសាយ រលាក​បំពង់​កដោយ​មេរោគ​ស្ត្រិ​បត​គុក និង​រលាក​ក្រពះ​ពោះវៀន​ដោយ​វីរុស​។​

ទារក​អាយុ​តិចជាង​មួយឆ្នាំ មិនគួរ​ឲ្យ​ដេក​នៅក្នុង​បន្ទប់​ត្រជាក់​ទេ ហើយ​ផ្តល់​សម្លៀកបំពាក់​ដែល​កក់ក្តៅ ភួយ​សម្រាប់​ទារក និង​ព្យាយាម​រក្សា​សីតុណ្ហភាព​ឲ្យ​បាន​កក់ក្តៅ​នៅក្នុង​បន្ទប់​របស់​ទារក​។​

​សម្រាប់​មនុស្ស​វ័យ​ចំណាស់​វិញ ជា​ញឹកញាប់​មាន​កម្តៅ​រាងកាយ​តិច ដោយសារតែ​ការរំលាយ​អាហារ​ក្នុង​រាងកាយ​យឺត និង​សកម្មភាព​ពលកម្ម​មាន​តិច​។ មនុស្ស​វ័យ​ចំណាស់ ក៏មាន​ហានិភ័យ​ដែរ​ដែល​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​ថយចុះ​ជាង​ធម្មតា ដែល​អាច​បង្ក​គ្រ​ថ្នាក់​ដល់​អាយុជីវិត​ដោយសារតែ​រាងកាយ​មិនអាច​ឆ្លើយតប​ប្រឆាំងនឹង​ភាព​ត្រជាក់ ជាពិសេស​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​៕