ដោយ៖ រដ្ឋា-រាយការណ៍បន្ថែម៖ អ.វឹង
ខេត្តកោះកុង៖ មន្ត្រីយោធាស័ក្តិ៥ម្នាក់ឈ្មោះ ទុន ឌៀក មិនទាន់កាយអាចម៍ដីចេញពីតំបន់ដែលខ្លួនចាក់លុបរំលោភយកឆ្នេរសមុទ្រមួយកន្លែងស្ថិតនៅភូមិមួយ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅឡើយទេ បើទោះបីជាថ្មីៗនេះលោកអភិបាលខេត្ត ប៊ុន លើត ប្រកាសក្នុងអង្គប្រជុំសាលាខេត្តថា ឲ្យលោក ទុន ឌៀក កាយអាចម៍ដីនោះចេញយ៉ាងណាក៏ដោយ។
គួររំឭកថា កន្លងមកនេះ លោក ទុន ឌៀក វាតទីរំលោភយកតំបន់ឆ្នេរខាងលើនេះដោយលាតសន្ធឹងយ៉ាងវែង ហើយមានរថយន្តដឹកអាចម៍ដីមកចាក់យ៉ាងគគ្រឹកគគ្រេង ចំណែកអាជ្ញាធរមូលដ្ឋានមិនទប់ស្កាត់ទេ បង្កឲ្យមានការរិះគន់ដោយចោទប្រកាន់ថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញឃុបឃិតគ្នាពុះដីឆ្នេរធម្មជាតិមាត់សមុទ្រលក់ ដោះដូរទៅឲ្យលោក ទុន ឌៀក ដោយស្ងាត់ៗ។
ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់ករណីលក់ដឺឆ្នេរសមុទ្រខាងលើនេះ គេហទំព័រ មេគង្គប៉ុស្តិ៍ បានភ្ជាប់ទូរស័ព្ទទៅលោកប្រធានមន្ទីរសូរិយោដីខេត្តកោះកុងដើម្បី សុំការបំភ្លឺពាក់ព័ន្ធនឹងការរំលោភយកដីនេះដែរ តែទូរស័ព្ទទៅលោកចូលហើយពុំមានអ្នកទទួល ចំណែកលោក ទូ វិបុល អភិបាលក្រុងខេមរភូមិន្ទវិញ ក៏មិនលើកទូរស័ព្ទដូចគ្នាដែរ។
លោក ប៊ុន លើត អភិបាលខេត្ត បានប្រាប់អ្នកយកព័តមាន មេគង្គប៉ុស្តិ៍ តាមទូរស័ព្ទបញ្ជាក់ដោយមិនទាន់ប្រាកដថា ចាំលោកឲ្យខាងជំនាញចុះទៅមើលសិន។
ប្រជាពលរដ្ឋដែលរស់នៅតំបន់មាត់សមុទ្រជិតកន្លែងចាក់ដីលុបឆ្នេរ នោះ បានប្រាប់ថា សកម្មភាពរំលោភដីឆ្នេរដែលគេកំពុងចាក់លុបនេះ ជាទង្វើរបស់អ្នកមានលុយ និងមានអំណាចម្នាក់ បើគ្មានអំណាច និងលុយសូកប៉ាន់នោះទេគឺមិនអាចចាក់ដីលុបបំបាត់ឆ្នេរសមុទ្រធម្មជាតិ រំលោភយកបានដោយងាយៗបែបនេះដែរ។
ប្រជាពលរដ្ឋបានបន្តទៀតថា អ្នកដែលហ៊ានចាក់ដីលុបឆ្នេរសមុទ្រនេះត្រូវគេស្គាល់ថាឈ្មោះ ទុន ឌៀក ជាមន្រីទាហានម្នាក់ស័ក្ក៥ម្នាក់ និងជាអ្នករកស៊ីបូមខ្សាច់សមុទ្រលក់នៅក្នុងខេត្តកោះកុង។ ប្រភពបន្តថា មិនមែនគ្មាននរណាហ៊ានបង្ក្រាបដូចការគិតនោះទេ តែគេបានត្រូវរ៉ូវគ្នាអស់ហើយ។
លោកស័ក្តិ៥ ទុន ឌៀក បានប្រាប់អ្នកយកព័តមាន មេគង្គប៉ុស្តិ៍ ថា ដីឆ្នេរដែលលោកកំពុងតែចាក់លុបនេះ លោកបានសុំច្បាប់ខេត្តរួចហើយ។ លោកថា ការចាក់ដីនេះក្នុងគំរោងសាងសង់ផែទូកមួយទុកឲ្យបងប្អូនប្រជានេសាទស្រួលចតទូក។
ការពន្យល់របស់លោក ទុន ឌៀក មានភាពខុសគ្នាទៅនឹងភាពជាក់ស្តែងត្រង់ថា លោកបានសុំច្បាប់សាលាខេត្តរួចហើយនោះ ប៉ុន្តែលោក ប៊ុន លើត អភិបាលខេត្ត បានប្រាប់ថាលោកមិនបានដឹងទេរឿងនេះ ចាំលោកឲ្យជំនាញចុះទៅមើលសិន។
មន្ត្រីសាលាខេត្តមួយរូបបានប្រាប់ឲ្យដឹងថា កាលពីសប្តាហ៍មុន លោក ប៊ុន លើត អភិបាលខេត្តកោះកុង បានបញ្ជាក់ក្នុងអង្គប្រជុំយ៉ាងច្បាស់ថា លោកនឹងឲ្យលោក ទុន ឌៀក កសយយកអាចម៍ដីដែលគាត់បានចាក់លុបបំបាត់ឆ្នេរនៅចំណុចនោះចេញ ប៉ុន្តែមកនដល់ពេលនេះ មិនទាន់ឃើញនរណាមកកាយដីចេញនៅឡើយទេ។ការមិនកាយចេញនេះដែរ គ្មានអ្នកណាអាចដឹងបានទេថា តើបណ្តាលមកពីលោក ទុន ឌៀក គាត់ថ្លើមធំ ឬអាជ្ញាធរដែនដីថ្លើមតូច។
សូមបញ្ជាក់ផងដែរថា នៅក្នុងទឹកដីខេត្តកោះកុងនាពេលកន្លងមកនេះ ត្រូវគេមើលឃើញថា អ្នកមានលុយអាចឃុបឃិតជាមួយអាជា្ញរធរំរលោភយកដីរដ្ឋធ្វើជា កម្មសិទ្ធិéកជនបានដោយងាយ នេះគេមិននិយាយដល់ករណីលួចបើកកន្លែងប្រព្រឹត្តអំពើអបាយមុខក្រោម ឥទ្ធិពលរបស់សមត្ថកិច្ចខ្លះផង៕
លោកស័ក្តិ្ត ៥ ទុន ឌៀក