សំណង់ផ្ទះអត់ច្បាប់រីក​ដូច​ផ្សិត​នៅ​ក្រុង ព្រះសីហនុ ​អាជ្ញាធរ​មិនហ៊ានចាត់ការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2016 ក+ ក-

 

321456ដោយ៖សហការី

ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ក្រុងព្រះសីហនុ បាន​រិះគន់​ចំពោះ​សំណង់ អាគារ​ខុសច្បាប់​ជាច្រើន​ដែល​កំពុង​រីក​ដូច​ផ្សិត​នៅ​ចំណុច​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​នេះ​។​លោក  យន់ មឺ​ន អភិបាលខេត្ត​ព្រះសីហនុ​បាន​បដិសេធ ដោយ​បញ្ជាក់ថា ជា​សំណង់​ខុសច្បាប់ ខ​ណះ​ដែល​ម្ចាស់ផ្ទះ​អះអាងថា ពួកគាត់​មានច្បាប់​អនុញ្ញាត​ទើប​ហ៊ាន​សាងសង់​។​

ប្រជាពលរដ្ឋ​បានអោយដឹងថា  សំណង់​ខុសច្បាប់​ទាំងនេះ​ភាគច្រើន​ជា​របស់​មន្ត្រីរាជការ​នៅក្នុង​ក្រុង ព្រះសីហនុ ដែល​គេ​សង្ស័យថា មានការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក​រួច​អស់ហើយ បានជា​ម្ចាស់​សំណង់​ហ៊ាន​សាងសង់​គ្មាន​ញញើត​អ្នកណា​បន្តិច​សោះ​។​

បុរស​ចំណាស់​ម្នាក់​អះអាងថា​ជា​អ្នករស់នៅ​ក្នុងភូមិ​៣ បាន​ប្រាប់​អោយដឹងថា ម្ចាស់​សំណង់​ខុសច្បាប់​ទាំងនេះ សុទ្ធតែជា​អ្នកមានអំណាច និង​មាន​លុយ​ច្រើន បានជា​គេ​ហ៊ាន​មក​សាងសង់​សំណង់​លំនៅឋាន​យ៉ាងរឹងមាំ​បែបនេះ ។​ប៉ុន្តែ​បើ​អ្នកក្រ​ក្រី​វិញ កុំថាឡើយ​សង់ផ្ទះ សូម្បី​ធ្វើ​តូប​លក់ដូរ​បន្តិចបន្តួច​ក៏​មិន​បានដែរ គឺ​ខាង​អាជ្ញាធរ​មក​ហាមឃាត់​ភ្លាម ចំណែក​អ្នកមាន​លុយ និង​មានអំណាច​វិញ មិនឃើញ​មុខមក​ហាមឃាត់​នោះទេ​។​បុរស​ដដែល​បន្តថា ទង្វើ​បែបនេះ គេ​អាច​ដឹងបាន​ថា ជា​អំពើពុករលួយ​របស់​អា​ជ្ញា​ធរ​ខេត្ត​ព្រះសីហនុ​។​

ម្ចាស់​សំណង់​ល្មើសច្បាប់​ទាំងនេះ បាន​ប្រាប់​អោយដឹងថា បើ​ពួកគាត់​គ្មាន​ច្បាប់​គ្មាន​អ្នកណា​ហ៊ាន​សាងសង់​ទេ ព្រោះ​អាជ្ញាធរ​ក្រុង និង​ខេត្ត​ជា​អ្នកចេញ​ច្បាប់​អោយ​សាងសង់​។​

ដើម្បី​បញ្ជាក់​ពី​ព័ត៌មាន​ខាងលើនេះ ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ បាន​ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក អ៊ី សុក​ឡើង អភិបាលក្រុង​ព្រះសីហនុ​ដើម្បី​សុំ​ការបំភ្លឺ​ដែរ តែ​ទូរស័ព្ទ​របស់លោក​មិនអាច​ទាក់ទង​បាន ចំណែក​លោក យន់ មឺ​ន អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា សំណង់​ទាំងនេះ​គ្មាន​នរណារ​ចេញ​ច្បាប់​អោយ​សាងសង់​ឲ្យ​នោះទេ​។

បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក​អភិបាលខេត្ត គឺ​មានន័យថា សំណង់​អាគារ​លំនៅឋាន​ដែល​កំពុង​រីក​ដូច​ផ្សិត​នោះ ជា​សំណង់ ខុសច្បាប់ ដូច្នេះ​សូម​ប្រី​យ៍​មិត្ត​អ្នកអាន​រង់ចាំ​មើលថា តើ​អាជ្ញាធរ នឹង​ចាត់វិធានការ​បែបណា​ចំពោះ​បទល្មើស​មួយ​នេះ ? ហើយ​នៅពេលណា​ទើប​ចាត់ការ​?៕

IMG-20160127-WA0031 IMG-20160127-WA0032 IMG-20160127-WA0033