ភ្នំពេញះ លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីការបរទេសសហរដ្ ឋអាមេរិក បានមកដល់កម្ពុជាហើយនៅម៉ោងប្រមាណ ៧ យប់ថ្ងៃទី២៥ មករា នេះ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានមន្ត្រីស្ថាន ទូតសហរដ្ឋអាមេរិក និងមន្ត្រីរដ្ឋាភិបាលមួយចំនួនទៅទទួលដំណើរ។
តាមការគ្រោងទុក ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនៅពេលនេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជជែកពីការប្រជុំអាមេរិក-អាស៊ាន ដែលគ្រោងធ្វើនៅរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក នាពាក់កណ្ដាលខែកុម្ភៈ ខាងមុខនេះ។
ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនេះ នៅព្រឹកថ្ងៃទី២៦ ខែមករា លោក ចន ឃើរី នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ព្រមទាំងជួបលោកកឹម សុខា មុនពេលលោក ធ្វើសន្និសីទកាសែតនៅម៉ោង ១២ និង ៣០ នាទី រសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារ រ៉ាហ្វ័រ ឡឺ រ៉ូយ៉ាល់ ក្នុងរាជធានីភ្នំពេញ៕
(រូបថត៖RFA)