ក្រុម ISIS ព្រមាន​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​អឺរ៉ុប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 January, 2016 ក+ ក-

​ពិភពលោក​៖​ក្រុម​ឧទ្ទាម ISIS បាន​បង្ហោះ​វី​ដេ​អី​ថ្មី​មួយទៀត​ដែល​បង្ហាញ​ពី​ភាពជោគជ័យ​នៃ​ការវាយប្រហារ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅនេះ​ដោយបាន​សម្លាប់​មនុស្ស​១៣០​នាក់ និង​របួស​ជា​ច្រើ​នាក់​។
​នៅក្នុង​វីដេអូ​ថ្មី​នេះ​គឺ ក្រុម ISIS បាន​ចេញមុខ​គំរាម​ចំៗ​តែម្ដង​ទៅលើ​ចក្រភព​អង់គ្លេស ដោយ​ក្រុម​ឧទ្ទាម​មួយ​នេះ​បាន​បញ្ជាក់ថា ពួកគេ​នឹងធ្វើ​ការវាយប្រហារ​ប្រទេស​អង់គ្លេស​ក្នុងពេល​ឆាប់ៗ​ខាង​មុ​នេះ ដើម្បី​ជាការ​សង​សឹង ដែល​ចក្រភព​អង់គ្លេស បានសម្រេច​ចិត្ត​វាយប្រហារ​ខ្លួន​តាម​ដែនអាកាស​នៅ​ប្រទេស​ស៊ី​រី​។ ទន្ទឹម​នោះ​ក្រុម ISIS ក៏បាន​បញ្ចេញ​វីដេអូ​មួយ​ព្រមាន​កម្ទេច​រុស្ស៊ី ដើម្បី​ជាការ​សង​សឹង​ដូចគ្នា ព្រោះថា​រុស្ស៊ី បាន​បើក​យុទ្ធនាការ​បាញ់ប្រហារ​ក្រុម IS តាម​ដែនអាកាស​មុនគេ​។​
​ដោយឡែក​បើតាម​ការលើកឡើង​ពី​លោក Rob Wainwright ប្រធាន​ប៉ូលិស Europol ចេញផ្សាយ​ដោយ​ព័ត៌មាន​ស៊ិន​ហួរ​បាន​ឲ្យ​ដឹងថា ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​បើក​ការវាយប្រហារ​ទូទាំង​ពិភពលោក ហើយ​គ្រោង​នឹងធ្វើ​ការវាយប្រហារ​ខ្លាំង លើ​តំបន់​អឺរ៉ុប បន្ទាប់ពី​បើក​ការវាយប្រហារ​ភេរវកម្ម នៅក្នុង​ទីក្រុង​ប៉ារីស​។​
​លោក Wainwright បាន​បញ្ជាក់ថា ប្រជាជន​អឺរ៉ុប ប្រមាណ ៥,០០០​នាក់ ជា​អ្នក​ដែល​បាន​ទៅ​ប្រយុទ្ធ ជាមួយនឹង​ក្រុម ISIS នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ ខណៈ​បច្ចុប្បន្ន​ធ្វើបាន​លើ​មនុស្ស​ចំនួន ៣,៧០០​នាក់​ហើយ ដែលជា​ក្រុម​សកម្មប្រយុទ្ធ ពាក់ព័ន្ធ​នឹង​តំបន់​ជម្លោះ៕

art22.1