ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះល្វែងមួយខ្នងក្នុងបន្ទប់ជាន់ឡៅតឿ ដែលស្ថិតនៅក្នុងបុរីរុងរឿងផ្ទះលេខ៣០ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។
តាមប្រភពព័ត៍មានពីសមត្ថិកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះមានឈ្មោះ លី ម៉ម អាយុ៦៥ឆ្នាំ ភេទស្រី ស្នាក់នៅផ្ទះខាងលើ មូលហេតុបង្កដោយចៅរបស់គាត់លេងភ្លើង ហើយក៏បានរាលដាលឆេះដល់ពូក ប្រជាពលរដ្ឋបានយកបំពុងពន្លត់អគ្គិភ័យអស់៣ ទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍យ៉ាងច្រើន តែអគ្គិភ័យនេះមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ។
ក្រោយពីបានរលត់ទាំងស្រុងហើយសមត្ថកិច្ចបានអោយដឹងថារថយន្តពន្លត់អគ្គិភ័យមកចំនួន៥គ្រឿងតែមិនបានបាញ់ទេ រីឯសំភារៈខូចខាតមួយចំនួន ហើយក៏បានណែនាំអោយប្រជាពលរដ្ឋចូលប្រយ័ត្នចំពោះក្មេងៗដែលរពឹស កុំបណ្តោយអោយលេងភ្លើងបែបនេះជៀសវាងមានគ្រោះអគ្គិភ័យកើតឡើង៕ ដោយ គ. បញ្ញា