រាជធានីភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះផ្ទះកោសជប់ និងឃ្លាំងស្ដុកមីសួរ រួមជាមួយនឹងកន្លែងធ្វើស្លាកយីយោតាមបណ្ដោយផ្លូវ៣៧១ និងបណ្ដាលអោយស្ដ្រីសន្លប់តែមិនគ្រោះថ្នាក់ដល់ជីវិត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១នឹង៣០នាទី ស្ថិតនៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា ករណីដែលបង្ករអោយមានអគ្គីភ័យឆាបឆេះដ៍ធំនេះបណ្ដាលមកពីផ្ទះកោសជប់យីហោឈ្មោះ ស្រី នាង តាមប្រភពដដែលបានបញ្ជាក់ទៀតថា មុនពេលកើតហេតុគេឃើញមានភ្ញៀវចូលកោសជប់ដោយខណៈនោះភ្ញៀវបានជក់បារី បណ្ដាលអោយឆាបជាមួយអាល់កុល បានឆេះផ្ទះកោសជប់ខាងលើ រហូតឆេះរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន៣ខ្នងទៀត។ ភ្លាមនោះក៍មានការចុះអន្ដរាគមន៍យ៉ាងយកចិត្ដទុកដាក់បំផុតពីខាងសមត្ថកិច្ចដោយដឹកនាំកម្លាំងដោយ លោក តេក ស៊ីណូ អធិការខណ្ឌមានជ័យ រួមជាមួយនឹងលោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យដែលបានចុះដល់កន្លែងកើតហេតុតែម្ដង។
ករណីខាងលើនេះបានឆាបឆេះផ្ទះកោសជប់ចំនួន២ខ្នង (ឆេះអស់ទាំងស្រុង) ឃ្លាំងស្ដុកមីសួ ប្រហែលឆេះអស់ ៥០% និងផ្ទះធ្វើស្លាកយីហោ (យីហោម៉ាស្ទ័រ) ឆេះអស់ ៥០%។ ក្នុងករណីអគ្គភ័យខាងលើបានប្រើប្រាស់អស់នូវឡានពន្លត់អគ្គីភ័យអស់ចំនួន១៥ គ្រឿងទើបរលត់ជាស្ថាពរ៕