ដោយ៖សហការី
បាត់ដំបង ៖ ព្រោះតែឪពុក-ម្តាយមានជីវភាពក្រីក្របានចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ធ្វើអោយកុមារី ហ៊ួច ឡៃហៀក អាយុ ៨ឆ្នាំ ដែលនៅវ័យក្មេងរស់នៅជាមួយជីតាចំណាស់ទៅហើយ មិនទាន់បានចូលរៀនដូចកុមារដទៃក្នុងភូមិទេ។
កុមារី ហួច ឡៃហៀក រស់នៅក្នុងភូមិកំប៉ូវត្បូង ឃុំភ្នំសំពៅ ខេត្តបាត់ដំបង។ នាងមានបងប្អូនចំនួន ៣នាក់ រាល់ថ្ងៃនាងមិនទទួលបានភាពកក់ក្តៅ ឬការមើលថែទាំពីឪពុក-ម្តាយនោះឡើយ ដោយសារតែជីវភាពក្រីក្របានធ្វើឲ្យឪពុក-ម្តាយរបស់នាង ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃទាំងពីរនាក់។ កុមារី ហួច លៃហៀក និង ប្អូនៗពីរនាក់ទៀតត្រូវរស់ជាមួយជីតា វ័យចំណាស់ក្នុងស្ថានភាពជីវភាពលំបាករកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។
ព្រោះតែទឹកចិត្តពីធម្មជាតិ បានជំរុញ ឲ្យកុមារីម្នាក់នេះ ចង់ទទួលបានការអប់រំដូចកុមារដទៃទៀតផងដែរ ហើយនាងតែងបានដើរពីផ្ទះចម្ងាយប្រមាណ១គីឡូម៉ែត្រ ទៅលួចមើលក្មេងៗដទៃទៀតដែលកំពុងអង្គុយក្រេបយកចំណេះដឹងក្នុងថ្នាក់ជារៀងរាល់ថ្ងៃ។
អ្នកគ្រូ ញាណ ប៊ុនសុជាតា បង្រៀនថ្នាក់ទី១ នៃសាលាបឋមសិក្សាកំប៉ូវ ស្ថិតនៅក្នុងភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ ដំបង បានអោយដឹងថា អ្នកគ្រូបានសង្កេតឃើញកុមារីម្នាក់នេះទៅឈរឱបដៃនៅក្រៅថ្នាក់លួចមើលគេរៀនរាល់ថ្ងៃ ដោយការងឿងឆ្ងល់អ្នកគ្រូក៏បានហៅកុមារីរូបនេះទៅសួរ។ជាមួយនិងការអឹមអៀម និងទឹកភ្នែករលីងរលោងផងនោះ កុមារី ហួច ឡៃហៀក បាននិយាយថា នាងចង់រៀន។
បន្ទាប់ពីទទួលបានចម្លើយបង្ហាញពីបំណងមុតមាំចង់បានរៀនសូត្រពីកុមារី ហួច ឡៃហៀក អ្នកគ្រូលើដីជនបទមានចិត្តមេត្តាធម៌រូបនេះ ក៏បានជិះម៉ូតូចុះទៅដល់ខ្ទមរបស់កុមារីដែលហ៊ុំព័ទ្ធដោយសង្កសីចាស់ៗ ស្ថិតនៅចុងភូមិ និងសុំអនុញ្ញាតពីជីតាដើម្បីឲ្យកុមារីរូបនេះបានចូលរៀន។ បន្ទាប់ពីគ្មានការជំទាស់ពីជីតារបស់កុមារី ហើយនោះ ត្រូវបានអ្នកគ្រូ ប្រកបដោយចិត្តធម៌មេត្តាបានជួយទិញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈសិក្សា និងជួយឲ្យកុមារីក្រីក្រនេះ បានទទួលការអប់រំតាមបំណងប្រាថ្នា។
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ កុមារី ហួច ឡៃហៀក បានចូលរៀនហើយជាមួយក្មេងៗដទៃទៀត នៅក្នុងភូមិ។
អ្នកគ្រូ ញាណ ប៊ុនសុជាតា បានបញ្ជាក់ប្រាប់ថា កុមារី ហួច ឡៃហៀក បានសម្តែងទឹកមុខសប្បាយរីករាយជាខ្លាំងជាមួយវត្តមានសម្លៀកបំពាក់ និងសម្ភារៈសិក្សាថ្មី ព្រមទាំងអង្គុយលើតុក្នុងថ្នាក់រៀន ដែលខ្លួនធ្លាប់តែលួចមើលពីខាងក្រៅនោះ។
ទាំងទឹកចិត្តចង់រៀនរបស់កុមារី ហួច ឡៃហៀក និងទឹកចិត្តសណ្តោសសម្បុរសធម៌របស់អ្នកគ្រូ ញាណ ប៊ុនសុជាតា បាននាំឲ្យមានការគោរព និងកោតសរសើយ៉ាងខ្លាំង ពីប្រជាពលរដ្ឋនៅក្នុងភូមិ រួមនិងអ្នកនិយមលេងបណ្តាញសង្គម Facebook ផងដែរ។
បើទោះបីបច្ចុប្បន្នកុមារី ហួច ឡៃហៀក ត្រូវបានជួយឲ្យបានចូលរៀនពីអ្នកគ្រូចិត្តធម៌ ប៊ុនសុជាតា យ៉ាងណាក្តី ប៉ុន្តែសម្រាប់ភារៈការផ្គត់ផ្គង់បន្ថែមនៅមានតម្រូវការចាំបាច់ដែលមិនអាចខ្វះបានសម្រាប់កុមារីម្នាក់នេះ ដែលជាទំពាំងស្នងឬស្សីដែលថ្នាក់ដឹកនាំគួរកុំមើលរំលងព្រោះកុមារី ហួច ឡៃហៀក ខ្វះមធ្យោបាយច្រើណាស់ដែលជំរុញអោយទឹកចិត្តកុមារីម្នាក់នេះបន្តការសិក្សាដូចជា មធ្យោបាយធ្វើដំណើរ (កង់) និងការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ។
គួរជម្រាបថា បច្ចុប្បន្ននេះ នៅមានកូនចៅប្រជាពលរដ្ឋក្រីក្រនៅតាមទីជនបទដាច់ស្រយាលច្រើនទៀតដែលកំពុងប្រឈមនឹងស្ថានភាពស្រដៀងគ្នានេះ ប៉ុន្តែពួកគេមិនដឹងជាដង្ហោយរកនរណាឲ្យជួយ៕