ដោយ៖ប៉ៃលិន
ខេត្តត្បូងឃ្មុំ៖គណៈកម្មការទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើដឹកនាំដោយនាយឧត្ដមសេនីយ៍ សៅ សុខា ជាប្រធាន បានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះរួមនិងលោក ហ៊ាង សុភក្តិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ បានបើកយុទ្ធនាការបង្ក្រាប និងត្រួតពិនិត្យឃ្លាំងស្តុកឈើធំៗរបស់លោកឧកញ៉ាដ៏ល្បីល្បាញចំនួន៣រូប ក្នុងខេត្តត្បូងឃ្មុំ។
ឃ្លាំងស្តុកឈើរបស់លោកឧកញ៉ា សឹង្ហ សំអុល នៅស្រុកមេមត់ឃើញមានឈើចំនួនជាង៤ម៉ែត្រគូប ដែលសមត្ថកិច្ចអះអាងថា មានច្បាប់អនុញ្ញាត។ ចំណែកឃ្លាំងស្តុកឈើរបស់លោកឧកញ៉ាលឹមប៊ុណ្ណា ហៅខ្នា នៅឃុំដារ ស្រុកមេមត់ ឃើញមានឈើចំនួន ៣ ០៨៤ម៉ែត្រគូប ដែលសមត្ថកិច្ចអះអាងថា មានច្បាប់អនុញ្ញាត។
ដោយឡែកឃ្លាំងស្តុកឈើរបស់លោកឧកញ៉ា វ័ន ប៊ុនថៃ នៅភូមិសក្រំជ្រុំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកម្លាំងសមត្ថកិច្ចចុះទៅឡោមព័ទ្ធកាលពីថ្ងៃទី១៨ មករា កន្លងទៅថ្មីៗ ហើយរថយន្តដឹកឈើរបស់លោកឧកញ៉ា ថៃ បានសម្រុកដឹកចេញពីឃ្លាំង ដែលត្រូវសមត្ថកិច្ចខេត្តព្រៃវែងចាប់បានចំនួន៣រថយន្តយីឌុបធំៗ ក្នុងនោះក៏នៅមានឈើជាច្រើនម៉ែត្រគូបទៀត ត្រូវបានគេជីកកប់នៅក្នុងដីដើម្បីលាក់បាំងពីភ្នែកសមត្ថកិច្ច តែទោះជាយ៉ាងណាឈើទាំងនោះត្រូវបានសមត្ថកិច្ចជួលគ្រឿងចក្រមកកាយយកចេញមកុំក្រៅ ដើម្បីធ្វើការវាស់វែង កាលពីល្ងាចថ្ងៃទី២៥ មករា កន្លងមកនេះ។
ឈើហ៊ុបទាំងនោះមានមុខកាត់ចាប់ ពីកន្លះម៉ែត្រឡើង ជិត១ម៉ែត្រ និងប្រវែងជាង១០ម៉ែត្រ ចំនួន៨៤ដើម ស្មើរនឹង៤៤១,៦៨ម៉ែត្រគូប និងឈើជ្រុងមានមុខកាត់ធំៗចំនួន៥៥ដើម ស្មើនឹង១៩,៣៧ម៉ែត្រគូប។
សរុបមកឈើក្នុងឃ្លាំងរបស់លោកឧកញ៉ា ថៃ គឺមានចំនួន ១០៣៨ម៉ែត្រគូប ដែលសមត្ថកិច្ចអះអាងថា ឈើមានច្បាប់ចំនួន៩៥១,៦៧ម៉ែត្រគូប និងឈើគ្មានច្បាប់អនុញ្ញាតចំនួន៨៦,៤៣៨ម៉ែត្រគូប ។ បច្ចុប្បន្នឈើដែលគ្មានច្បាប់អនុញ្ញាតត្រូវបានសមត្ថកិច្ចអនុវត្តន៍តាមនិតិវិធី៕