ខេត្តរតនគិរី៖ ការដឹកជញ្ជូនឈើប្រណីតតាមកាណូតកំពុងសម្រុកចេញពីខេត្តរតនគិរីឆ្ពោះ ទៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងតាមច្រករបៀង អូរតាង និងអូរលាវ ហាក់ដូចជាពួកគេមានកាអនុញ្ញាតពីអ្នកដែលមានឥទ្ធិពលណាម្នាក់នៅក្នុងតំបន់នោះ។
អ្នកឆ្លើយឆ្លងព័ត៌មាន «មេគង្គប៉ុស្តិ៍» បានរាយការណ៍ថា ឈើប្រណីតក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី បាននិងកំពុងត្រូវគេកាប់បំផ្លិចបំផ្លាញពេញបន្ទុក ដែលមិនយូរប៉ុន្មានទៀតទេតំបន់នោះ នឹងលែងទៅជាភូមិសាស្ត្រអភិរក្ស ឬដែនជម្រកសត្វព្រៃទៀតហើយ។
អ្នករាយការណ៍បន្តថា ក្រុមឈ្មួញរកស៊ីឈើប្រណីតបានដឹកជញ្ជូនឈើតាមគ្រប់រូបភាព ប៉ុន្តែបច្ចុប្បន្ន គេឃើញដឹកតាមកាណូតយ៉ាងគំហុកដូចហែកឋិនដែលគេគិតថាបើគ្មានការបើកភ្លើងខៀវពីមន្ត្រីជំនាញ ជាពិសេសមន្ត្រីរដ្ឋបាលព្រៃឈើដែលប្រចាំការក្នុងដែនជម្រកឬអាជ្ញា ធរដែនដីទេនោះគឺ មិនអាចធ្វើទៅបានដោយសេរីបែបនេះឡើយ។
ប្រភពបន្តថា មេក្លោងរកស៊ីឈើប្រណីតខុសច្បាប់ក្នុងតំបន់នោះមានតែម្នាក់ឬពីរនាក់ប៉ុណ្ណោះមក ពីភ្នំពេញ ប៉ុន្តែមេការ ឬអ្នកម៉ៅការភាគច្រើនរស់នៅក្រុងបានលុង ខេត្តរតនគិរី។ក្រៅពីទទួលឈើពី ខេត្តផ្សេងពួកគេបានកៀងគរក្រុមកម្មករឲ្យយករណាយន្តជាច្រើនគ្រឿងចូលកាប់ និងអារឈើប្រណីតក្នុងដែនជម្រកសត្វព្រៃលំផាត់ រួចដឹកតាមគោយន្ត រថយន្តឡង់គ្រីស័រ និងរថយន្តលុចស៊ីសជាដើម យកទៅគរទុកតាមដងទន្លេស្រែពក ស្ថិតក្នុងភូមិជីមៀត ឃុំណងឃិលិ ស្រុកកោះញែក ខេត្តមណ្ឌលគិរី រួចចុះកាណូតដែលមានចំណុះ៣-៤ តោនដឹកឆ្ពោះទៅវៀតណាម យ៉ាងគគ្រឹកគគ្រេងឆ្លងកាត់តាមច្រករបៀងអូរតាង និងអូរលាវ ដែលគេដឹងថានៅទីនោះមានកម្លាំង នគរបាលវរៈការពារព្រំដែនលេខ៦២៣ និងកម្លាំងយោធា វរៈការពារព្រំដែនលេខ១០២ ប្រចាំការជា អចិន្ត្រៃយ៍។
ប្រភពបន្តថា ខណៈនេះម្ចាស់កាណូតមួយចំនួនកំពុងត្រូវប៉ាន់មែនទែន ព្រោះក្រុមឈ្មួញរកស៊ី ឈើប៉ាវផ្តាច់ដោយមានលក្ខខណ្ឌហាមជួលកាណូតឲ្យ អ្នកផ្សេងក្រៅពីចាំដឹកកម្មករលីសែងឈើ និងថៅកែឈើ ហើយបើគ្មានការដឹកជញ្ជូនឈើទេត្រូវចងកាណូតទុកចោលដោយថៅកែឈើបង់ថ្លៃ ឲ្យ២០ម៉ឺនរៀលក្នុងមួយថ្ងៃ។
កម្មករមួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ក្នុងរយៈពេល១ថ្ងៃ១យប់មានកាណូតដឹកឈើប្រណីតពី ៧ទៅ ១០កាណូត បើគិតជាម៉ែត្រ គូបប្រហែល ២០ទៅ៣០ម៉ែត្រគូប។
ប្រភពទៀតបន្តថា ក្រុមមន្ត្រីពុករលួយមួយចំនួនដែលធ្លាប់តែរាប់ក្បាលឡានយកលុយមិនទាន់ចាប់អារម្មណ៍ពីការផ្លាស់ប្តូរមធ្យោបាយដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញនៅឡើយទេ លើកលែងតែក្រុមឆ្មាំការពារព្រំដែនប៉ុណ្ណោះ៕ ជំនិត