កូរ៉េខាងជើង​ត្រៀម​ដំណើរការ​មី​ស៊ី​ល​បើទោះជា​មានការ​ព្រមាន​ពី​អន្តរជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 January, 2016 ក+ ក-

ព្យុងយ៉ាង​៖​យោងតាម​សេចក្ដីរាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន​ជប៉ុន Kyodo នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ឲ្យ​ដឹងថា កូរ៉េខាងជើង​នឹង​រៀបចំ​បាញ់​មី​ស៊ី​ល​រយៈពេល​វែង​នៅក្នុង​សប្ដាហ៍​ខណៈដែល សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កំពុង​ពិភាក្សា​អំពី​ការដាក់ទណ្ឌកម្ម​ថ្មី​។​
​ប្រភព​ដដែល​បន្តថា ដោយយោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន បន្ទាប់ពី​វិភាគ​លើ រូបភាព​ផ្កាយរណប​ចេញពី​តំបន់​ធ្វើតេស្ត មី​ស៊ី​ល Tongchang-ri របស់​កូរ៉េខាងជើង នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច បង្ហាញ​ពីស​ញ្ញា​នៃ​ការរៀបចំ​ដាក់​ដំណើរការ​មី​ស៊ី​ល​។​
​កូរ៉េខាងជើង ត្រូវបាន​គេ​រកឃើញថា កំពុងធ្វើការ​លើ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដើម្បី​បំពាក់​លើ​មី​ស៊ី​ល​ផងដែរ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​បានបង្ហាញ​ថា បច្ចេកវិទ្យា​របស់​កូរ៉េខាងជើង​នោះ​នៅ​មិនទាន់​ទំនើប​ល្អប្រសើរ​នោះទេ​។​
​គួរ​បញ្ជាក់ថា កូរ៉េខាងជើង​បានធ្វើកា​រសាក​ល្បង​នុយក្លេអ៊ែរ​៤​លើក​មកហើយ គឺ​លើក​ទី​១​នៅ​ថ្ងៃទី​០៩​តុលា ឆ្នាំ​២០០៦ លើក​ទី​២​នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០០៩ លើក​ទី​៣​នៅ​ថ្ងៃទី​១២​កុម្ភៈ ឆ្នាំ​២០១៣ និង​លើក​ទី​៤​នៅ​ថ្ងៃទី​០៦​មករា ឆ្នាំ​២០១៦​កន្លងទៅ​កូរ៉េខាងជើង​បាន​សាកល្បង​ដោយ​ជោគជ័យ​លើ​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន​។ ការបាញ់​សាកល្បង​នេះ​ធ្វើ​ឲ្យ​ប្រទេស​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ សហប្រជាជាតិ​ដាក់ចេញ​របាយការណ៍​ពី​ការពិភាក្សា អំពី​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​កម្មវិធី នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ផងដែរ​៕

north-korea-displays-its56a93ec2c4618864798b4590