ដោយ៖សហការី
ខេត្តប៉ៃលិន ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្ត ដឹកនាំដោយលោក ជុំ សែនសទ្ធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានឆ្មក់ចូលកណ្តាលផ្សារសាមគ្គី ហៅប៉ាហ៊ី កន្លែងកត់កន្ទុយលេខ(ឆ្នោត)ដុះស្លែជាយូរមកហើយធ្វើឱ្យអ្នកញៀននឹងល្បែងនេះខ្លះរត់ផ្អើលពេញផ្សារ និងខ្លះទៀតព្រលឹងចុងសក់រត់គេចខ្លួនបាត់ស្រមោល ហើយឃាត់ខ្លួនស្ត្រីមេឆ្នោតម្នាក់រឹបអូសបានទូរស័ព្ទដៃ១គ្រឿង, ក្រដាសកាតុងកត់កន្ទុយលេខឆ្នោតជាច្រើន ព្រមទាំងប្រាក់មួយចំនួនផងដែរ ។
ហេតុការណ៍ចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០១៦ស្ថិតនៅក្នុងផ្សារសាមគ្គីហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ស្ត្រីកត់កន្ទុយលេខឆ្នោត ដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ងួន សុខងីម អាយុ៣២ឆ្នាំ ជាអាជីវករលក់ដូរ និងប្តូរប្រាក់ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
សូមបញ្ជាក់ថា ស្ត្រីមេឆ្នោតដុះស្លែម្នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនយកទៅស្នងការ ដើម្បីធ្វើការអប់រំ និងផាកពិន័យយ៉ាងចាស់ដៃម្តងរួចទៅហើយ តែនៅមិនរាងចាលលុះបន្ទាប់ពីត្រឡប់មកផ្ទះវិញចាប់ផ្តើមកត់កន្ទុយលេខ(ឆ្នោត)ក្នុងទ្រង់ទ្រាយធំជាងមុនទៅទៀត។តែគេមិនធ្លាប់ឃើញមានសមត្ថកិច្ចណាម្នាក់ចុះទៅធ្វើការបង្ក្រាបនោះឡើយ ហើ យទើបនៅថ្ងៃនេះត្រូវព្រះរាជអាជ្ញាដឹក នាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបតែម្តង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្ត បានឱ្យដឹងថា កន្លែងកត់កន្ទុយលេខ (ឆ្នោត) ដុះស្លែមួយនេះ ស្ថិតនៅក្នុងផ្សារសាមគ្គីប៉ាហ៊ីដោយបើកលេងយ៉ាងគគ្រឹកគគ្រេងជាយូរខែឆ្នាំមកហើយ ដែលគេឃើញអ្នកញៀនល្បែងទាំងនោះ មានមនុ ស្សប្រុសស្រីក្មេងចាស់ទាំងប្រជាពលរដ្ឋធម្មតាអាជីវករនិងមន្ត្រីរាជការមួយចំនួនផងដែរ។ប្រភពបន្តទៀតថាក្រោយពីទទួលព័ត៌មានពីសមត្ថកិច្ចសម្ងាត់ ទើបលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដឹកនាំចុះឆ្មក់ បង្ក្រាបកន្លែងលេងល្បែងកត់កន្ទុយលេខនេះតែម្តង ។ នៅព្រឹកទី២៨ ខែមករា ជនសង្ស័យ និងវត្ថុតាង ត្រូបានបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។
ប្រភពព័ត៌មានពីពលរដ្ឋដែលធ្វើដំណើមកទិញសម្ភារះ និងត្រីសាច់បន្លែក្នុងផ្សារសាមគ្គីប៉ាហ៊ីថាពួកគាត់ពេញចិត្តនិងសមត្តកិច្ចបានចុះមកបង្ក្រាបកន្លែងញៀនកន្ទុយលេខដុះស្លែធ្វើឱ្យភ្ញាក់ផ្អើលដល់អាជីវករកំពុងលក់ដូរក្នុងផ្សារ។
ប្រភពព័ត៍មានបានបន្តទៀតថាទីតាំងទទួលកន្ទុលេខដែលដុះស្លែធំៗមាន៤កន្លែងដែលសមត្ថកិច្ចបានចុះបង្ក្រាប១ដង២ដងរួចមកហើយ តែពួកគេនៅតែបន្តលេងលើសដើមព្រោះសមត្ថកិច្ច និងតុលាការគ្រាន់តែចាប់ផាកពិន័យ រួចដោះលែងវិញជាហូរហែ។ ចំណែកមេកន្ទុយលេខដែលដុះស្លែ ធំជាងគេនោះគេស្គាល់ទី១ ប្រុសលាប ភេទប្រុសអាយុប្រហែល៣០ឆ្នាំ មុខរបរជាមេទទួលកន្ទុយលេខយ៉ាងដុះស្លែរាប់ឆ្នាំហើយបើតាមអាជីវករដែលលក់ដូរនៅពីមុខកន្លែងមេកន្ទុយដ៍ធំបាននិយាយថាមិនឃើញសមត្ថកិច្ចណាចុះមកបង្ក្រាប សង្ស័យមានខ្នង ឬក៍អ្នកមានអំណាចដាក់ខែដុះស្លែដែរដូចគ្នាដែរក៏មិនដឹង ។
ប្រជាពលរដ្ឋជាច្រើននាក់ សប្បាយរីករាយយ៉ាងខ្លាំង ខណៈសមត្ថកិច្ចនគរបាល បានចុះបង្ក្រាបបន ល្បែងស៊ីសង គ្រប់ប្រភេទជាច្រើនលើក
ច្រើនសារនៅក្នុងក្រុងប៉ៃលិន ព្រោះល្បែងកើនឡើងកាន់តែច្រើន នោះនាំមកនូវករណីអំពើហិង្សាក្នុងគ្រួសារ ករណីលួច ប្លន់ កាប់សម្លាប់ ក៏កាន់តែមានច្រើនឡើងបង្កទៅជាអសន្តិសុខក្នុងសង្គមផងដែរហើយថ្មីៗនេះក៏មានចោរចូលប្លន់កន្លែងវេរលុយវីងអារក.បុរសម្នាក់ប៊ិះនឹងស្លាប់ដែរ។ក្រៅពីនេះក៏មានបញ្ហាគ្រឿងញៀនកំពុងតែត្រូវបានគេចរាចរចែកចាយយ៉ាងគគ្រឹកគគ្រេងនៅក្នុងក្រុងប៉ៃលិនហើយនៅតាមភូមិជាច្រើន តែមិនទាន់ឃើញមានសមត្ថកិច្ចណាម្នាក់ចាប់មេឈ្មួញធំយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់នោះឡើយ ឃើញតែចាប់បានអ្នកប្រើប្រាស់ យកទៅផាកពិន័យយ៉ាងចាស់ដៃរួចដោះលែងយ៉ាងរំភើយទៅវិញ ៕