ភ្នំពេញ៖សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានមានព្រះបន្ទូលដោយព្រមានថា ព្រះអង្គគ្មានជម្រើសក្រៅពីអញ្ជើញឲ្យគេចេញពីបក្សនោះទេ បើសិនមានសមាជិកណាដែលបំបះបំបោរអូសទាញបំបែកកម្លាំងរាជានិយម។
បើទោះបីជា បន្ទូលរបស់ព្រះអង្គមិនចំឈ្មោះនរណាក្តី ក៏គេដឹងថាសំដៅលើលោក ញឹក ប៊ុនឆៃ អនុប្រធានទី២របស់គណបក្សនេះដែរ។ឆ្លើយតបចំពោះទិដ្ឋភាពនេះ លោក ញឹក ប៊ុនឆៃ បានចេញលិខិតដាច់ដោយឡែកមួយនៅថ្ងៃទី២៥ ខែមករា ដោយលោកអះអាងថា លោកគ្មានបំណងលូកដៃក្នុងក្រុមការងារបោះឆ្នោតខេត្ត ឬរចនាសម្ព័ន្ធថ្មីរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចនោះទេ។
គួររំឭកថា នៅក្នុងសេចក្ដីជូនដំណឹង ចុះថ្ងៃទី២៥ ខែមករា នេះ សម្តេចក្រុមព្រះបានព្រមានថា ព្រះអង្គគ្មានបំណងដេញសមាជិកណាចេញពីគណបក្សនោះទេ តែចំពោះសមាជិកណាដែលបំបះបំបោរអូសទាញបំបែកកម្លាំងរាជានិយម ព្រះអង្គគ្មានជម្រើសក្រៅពីអញ្ជើញឲ្យចេញពីបក្សនោះឡើយ។
សារលិខិតក៏បានបញ្ជាក់ផងដែរថា ព្រះអង្គក៏គ្មានបំណងឲ្យមន្ត្រីជាន់ខ្ពស់ណាក្នុងបក្សទៅលូកដៃក្នុងក្រុមការងារបោះឆ្នោតនៅតាមខេត្តផ្សេងៗនោះទេ។ ព្រះអង្គបានអំពាវនាវឲ្យប្រធានក្រុមការងារខេត្តនីមួយៗបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីករចនាសម្ព័ន្ធតាមមូលដ្ឋានរាជធានីខេត្ត។
លិខិតឆ្លើយតបរបស់លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា លោកចុះទៅតាមបណ្ដាខេត្តនានាជួបតែអតីតថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចចាស់ ដែលលោកថា អ្នកទាំងនោះត្រូវបានគេដកតំណែង និងតួនាទីប៉ុណ្ណោះ។ លោកបន្តថា លោកជួបអ្នកទាំងនោះដើម្បីសួរសុខទុក្ខ និងប្រាប់ពីលទ្ធផលនៃការបង្រួបបង្រួមគ្នារបស់គណបក្សហ្វ៊ុនស៊ិនប៉ិចរយៈពេល១ឆ្នាំនេះ។
សូមបញ្ជាក់ថា នៅក្នុងពិធីប្រគល់ត្រាគណបក្សដល់គណៈកម្មាធិការប្រតិបត្តិមកពីទូទាំងប្រទេស កាលពីថ្ងៃទី១៦ ខែមករា សម្ដេចក្រុមព្រះបានរិះគន់មន្ត្រីមួយចំនួនដែលអវត្តមាននៅក្នុងពិធីនោះ។ លោក ញឹក ប៊ុនឆៃ ដែលជាអនុប្រធានទី២របស់គណបក្សនេះក៏មិនមានវត្តមាននៅក្នុងពិធីនោះផងដែរ។
គួររំឭកថា សម្ដេចក្រុមព្រះមានព្រះបន្ទូលថា ព្រះអង្គសម្រេចព្រះទ័យចូលធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ក្រោមហេតុផលថាដើម្បីបង្រួបបង្រួមជាតិ អ្នករាជានិយម និងអ្នកសីហនុនិយម ក្រោយពេលដែលព្រះអង្គបានក្លាយជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចជាថ្មីកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ និងបន្ទាប់ពីព្រះអង្គត្រូវបានបណ្តេញចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីឆ្នាំ២០០៦៕
(រូចថត៖ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធី និងអនុប្រធានទី២ លោក ញឹក ប៊ុនឆៃ)