ដោយ៖សិរីយ៉ា . រាយការណ៍បន្ថែម៖ ស សាម
ភ្នំពេញ៖ស្ករត្នោតបំប្លែងចេញពីស្ករ ស ផ្សំដោយសារធាតុគីមីប្រមាណជាង ៤តោន ត្រូវកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃរឹបអូសពីទីតាំងផលិតមួយកន្លែងស្ថិតក្នុងសង្កាត់បឹងសាឡាង ហើយបញ្ជូនទៅកម្ទេចចោលនៅថ្ងៃទី ២៨ ខែមករា នេះ។
បន្ទាប់ពីបានឆ្មក់ចូលត្រួតពិនិត្យទីតាំងសិប្បកម្មផលិតស្ករត្នោតនៅដីឡូត៍លេខ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី២៧ មករា សមត្ថកិច្ចរកឃើញថា សិប្បកម្មនេះកែច្នៃស្ករត្នោត ដោយបំប្លែងពីស្ករស ហើយលាយសារធាតុគីមី សូដ្យូម អ៊ីដ្រូសូលហ្វីត (sodium hydrosulfite) ដើម្បីរក្សាពណ៌ដែលជាសារធាតុម្យ៉ាងត្រូវបានហាមឃាត់មិនឲ្យប្រើលើចំណីអាហារនោះឡើយ។
អ្នកស្រី សៀង ហ៊ុយ អនុប្រធានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា និងជាបណ្ឌិតផ្នែកគីមីបានប្រាប់អ្នកកាសែតថា សារធាតុ សូដ្យូម អ៊ីដ្រូសូលហ្វីត ឬម្សៅស នេះ គេប្រើសម្រាប់រក្សាពណ៌ ក៏ប៉ុន្តែនៅពេលប្រើប្រាស់សារធាតុគីមី អ្នកប្រើប្រាស់នឹងមានសម្ពាធឈាមធ្លាក់ចុះ ថប់ដង្ហើម និងឈឺក្រពះ ជាដើម៖ «ជារោគសញ្ញា អ្នកខ្លះឲ្យឡើងកន្ទួល កន្ទួលរមាស់លើស្បែក។ ចំពោះអ្នកមានជំងឺខ្សោយ ដូចជាហឺត អាចសន្លប់ ឬស្លាប់តែម្ដង។ ជាសារធាតុដែលគេមិនឲ្យប្រើទេលើម្ហូបអាហារ ក៏ប៉ុន្តែអ្នកលក់គាត់ចង់បាន (ផលិតផល) ដាក់ទៅឲ្យវា ស (រក្សាពណ៌) ដូចជាលើសណ្ដែកបណ្ដុះ លើស្លឹកគ្រៃហាន់…»។
គួរបញ្ជាក់ថា ស្ករត្នោតបំប្លែងពីស្ករស និងលាយសារធាតុគីមីជាង ៤តោន នេះត្រូវកម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដុតកម្ទេចចោលនៅថ្ងៃទី២៨ មករា ជិតកន្លែងចាក់សំរាមក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕