ចាប់ខ្លួន​មន្ត្រីនគរបាល​ជំនាន់​ថ្មី​ម្នាក់​ពាក់ ព័ន្ធ​សម្លាប់​និស្សិត​ស្រីទម្លាក់​ទឹក​នៅ​ជ្រោយចង្វា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 October, 2014 ក+ ក-

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ដែល​ទើប​ប្រឡង​ជាប់​ជា​មន្ត្រីនគរបាល​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៤​នេះ នៅ​ជិត​រង្វង់​មូល​ផ្សារ​ដើមថ្កូវ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ពាក់​ព័​ន្ឋ​នឹង​ករណី​សម្លាប់​នារី​ម្នាក់​ជា​និស្សិត​ឆ្នាំ​ទី​១​នៃ​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ ។​

​តាម​របាយការណ៍​បញ្ជា​ក់ថា ជនសង្ស័យ ឈ្មោះ ហុង កាលី​ឌី​ន អាយុ​២៧​ឆ្នាំ ទើប​ប្រឡង​ជាប់​ជា​មន្ត្រីនគរបាល និង​ត្រូវជា​សង្សារ​របស់​នារីរ​ង​គ្រោះ​ឈ្មោះ​សុង ដា​វីន អាយុ​២០​ឆ្នាំ ជា​និស្សិត​នៅ​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ​។​

ប្រភព​បង្ហាញថា ក្នុងការ​ឃាត់ខ្លួន​ជននេះ​គេ​បាន​ដកហូតយក​រថយន្ត​មួយគ្រឿង​ម៉ាក​ធុន​ត្រា ស៊េរី​២០១៤ និង​កាំភ្លើង​២​ដើម ។​បន្ទាប់មក​បាន​នាំ​ជនសង្ស័យ​ទៅ​ឆែកឆេរ​ក្នុង​លំនៅដ្ឋាន​របស់​ជន​នោះ​លេខ​១០៤ ផ្លូវ​៤៣០ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ដើម្បី​រក​វត្ថុតាង​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន និង​ករណី​រំលោភ​ធ្វើ​ទារុណកម្ម​សម្លាប់​នារី​រងគ្រោះ​។​

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សាកសួរ​ជនសង្ស័យ​ពី​មូល​ហេតុដែល​នាំអោយមាន​ការសំលាប់​នារី​រងគ្រោះ រួច​យកទៅ​បោះចោល​នៅ​ទឹកទន្លេ​។​

គួររំលឹកថា កាលពី​ម៉ោង​ប្រមាណ​៦​ព្រឹក ថ្ងៃទី​០៧ ខែតុលា នៅពេលដែល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​ហាត់ប្រាណ​គេ​បាន​ប្រទះឃើញ​សព​នារី​រងគ្រោះ​អណ្តែត ទឹក​នៅខាងមុខ​សាលាបឋមសិក្សា​ជ្រោយចង្វា​។​កាលណោះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ស្ត្រី​វ័យក្មេង​រូបនេះ​ត្រូវបាន​ឃាតករ​មិន​ស្គាល់មុខ​រំលោភ​រួច​ធ្វើ​ទារុណកម្ម​ជាំ​ពេញ ខ្លួនប្រាណ​រហូតដល់​ស្លា​ប់ ហើយ​ដឹក​សព​យកទៅ​ទម្លាក់ចោល​នៅក្នុង​ទឹកទន្លេ មុខ​សាលាបឋមសិក្សា​ជ្រោយចង្វា ខាងត្បូង​ស្ពាន​ជ្រោយចង្វា​ប្រហែល​កន្លះ​គី​ទ្បូ​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ទី​២ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។

ក្រោយ​ពេលធ្វើ​កោសល្យ​សមត្ថកិច្ច​សន្ន​ដ្ឋា​ន​ថា មិនមែនជា​ការធ្វើអត្តឃាត​នោះទេ ព្រោះ​បើ​លង់ទឹក ច្បាស់​ជា​ផឹកទឹក​ពេញ​ពោះ​ជាមិនខាន តែ​សព​បែរ​គ្មាន​សញ្ញា​បែបនេះ ហើយ​លើ​សាកសព​មាន​ស្នាម​ជាំ​ពេញ​ដងខ្លួន ហើយ​ប្រដាប់ភេទ​មាន​ទឹកកាម​ផងដែរ គឺ​ពិតជា​ត្រូវគេ​រំលោភ​សម្លាប់​រួច​យកមក​ទម្លាក់​ទឹក​។​

ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ទៅ​សាកសួរ​ចម្លើយ​មុនពេល​បញ្ជូនទៅ​តុលាការ​ដើម្បី​វិនិច្ឆ័យ​​ទោស​៕ សមិទ្ធ​ វង្ស

Untitled-1ទិដ្ឋភាព​ឡោមព័ទ្ធ​ចាប់​ជនសង្ស័យ

Untitled-2