ភ្នំពេញ៖តាមរយៈហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅម៉ោងជាង៦ល្ងាច ថ្ងៃអាទិត្យ ទី ៣១ មករា នេះ បានបង្ហោះរូបភាពរបស់លោកក្នុងចំណោមប្រជាពលរដ្ឋដែលកំពុងតែហាត់ប្រាណ ខណៈលោកបានចុះពិនិត្យសួនច្បារសាធារណៈនៅមាត់ទន្លេ និងមុខព្រះបរមរាជវាំង ។
សំណេរក្នុងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ “នៅម៉ោងនេះ ខ្ញុំកំពុងចូលរួមហាត់កីឡាជាមួយបងប្អូនប្រជាពលរដ្ឋនៅមុខព្រះបរមរាជវាំងមាត់ទន្លេ។ ខ្ញុំបានបំពេញបំណងរបស់ខ្លួនខ្ញុំដែលចង់ចូលរួមហាត់ប្រាណជាមួយប្រជាពលរដ្ឋយូរមកហើយនិងបានបំពេញសំណូមពរពលរដ្ឋដែលបានសុំខ្ញុំអោយចូលរួមហាត់កីឡាជាមួយប្រជាពលរដ្ឋ”។ លោកបន្ថែមថា៖ “ពិតជាសប្បាយដោយប្រទេសមានសន្តិភាព សូមចូលរួមជាមួយខ្ញុំការពារសន្តិភាព ទើបមានឱកាសហាត់ប្រាណតទៅទៀត”។
គេនៅចាំបានថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ លោក ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធស្ពានអាកាសតិចណូថា៖ “ហ៊ុន សែន បើមិនលេងគឺមិនលេងទេ បើបានតែជ្រុលលេង គឺថាមានអ្ហែងមទាំងពីកប៉ាល់ហោះថតពីលើ។ …អាហ្នឹងឲ្យដឹងថាម៉េចទៅហ៊ុន សែន ហ្នឹង។ មិនលេង អញមិនខ្ចីលេង”។ លោកបញ្ជាក់បន្ថែមថា “បច្ចេកវិទ្យាទៅដល់ណា យើងទៅដល់ហ្នឹង។ អាហ្នឹងនិយាយតាមមួយបែបអញ្ចឹងហ្មង។ កុំឲ្យអ្នកខ្លះឆ្លៀតប្រើ ធ្វើអត្ថាធិប្បាយ តាំងពីយកអាទិន្នន័យហ្វេសប៊ុកយកមកធ្វើអត្ថាធិប្បាយ ឥឡូវសូមលេងម្តងហើយ។ ចាំដល់ពេលដំណាក់កាលមួយ សូមឲ្យពួកអ្នកធ្វើវិភាគ ចេញមកវិភាគឡើងវិញ ដើម្បីថាតើវាយ៉ាងម៉េចអារឿងហ្វេសប៊ុកហ្នឹង”។
សូមរំឭកថា ថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកលេងតាមសួនច្បារនៅមុខផ្ទះរបស់លោកនិងបានថតរូបជាមួយអ្នកធាក់ស៊ីក្លូ និងបានផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកធាក់ស៊ីក្លូម្នាក់ៗចំនួន៤០ម៉ឺនរៀលទៀតផង។
ការផ្លាស់ប្តូររបស់នាយករដ្ឋមន្ត្រីដែលធ្លាប់តែបង្ហាញពីភាពម៉ត់ចត់តាមកញ្ចក់ទូរទស្សន៍ មកជាភាពសាមញ្ញក្នុងស្រទាប់ប្រជាពលរដ្ឋនាពេលនេះ នាំឲ្យមានការវិភាគថា ទីមួយគឺបង្ហាញពីភាពស្និទ្ធិស្នាលដ៏សាមញ្ញរបស់លោកជាមួយប្រជាពលរដ្ឋ ទីពីរបង្ហាញពីសន្តិសុខនិងសន្តិភាពក្នុងប្រទេស ដែលគេគិតថា ទំនងជាមានប្រសិទ្ធភាពខ្លាំងសម្រាប់ទទួលប្រជាប្រិយភាព ៕