ដោយ៖ខេមរា
ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងក្នុងពេលជួបជាមួយប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា កាលពីថ្ងៃទី៣១ ខែមករា ថា អ្នកដែលប្រើប្រាស់ប្រព័ន្ធតុលាការធ្វើបាបរូបលោកគឺជា “ ជនកំសាក បើខ្លួនឯងគ្រាន់បើរឿងអីខ្លាចសម រង្ស៊ី ” ។
ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសនៅក្រៅប្រទេសគេចពីការចាប់ខ្លួនរូបនេះបានថ្លែងថា “ មិនខ្លាចនឹងការសម្លុត ការទិញនិងការព្យាយាមបំបែកនោះទេ លោកត្រូវគេប្រើប្រព័ន្ធតុលាការជាបន្តបន្ទាប់ ព្យាយាមដាក់សម្ពាធលើរូបលោក តែមិនបានសម្រេច “ ។ លោកបន្តថា ” បើគ្រាន់បើយកមនុស្សធំដូចគ្នាវ៉ៃគ្នា មើលបានល្អមើល នេះអត់ទេរករឿង សម រង្ស៊ី យកប៉ូលិស យកទាហាន យកតុលាការកុំឲ្យ សម រង្ស៊ី ចូល។ អញ្ចឹងខ្លួនឯកកំសាក បើខ្លួនឯងគ្រាន់បើរឿងអីខ្លាច សម រង្ស៊ី “ ។
បើទោះបីជាការថ្លែងរបស់លោក សម រង្ស៊ី មិនបញ្ជាក់ឲ្យចំលើនរណាក៏ដោយ ក៏គេអាចដឹងបានថា សំដៅលើប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែរ។
ទាក់ទិននឹងការថ្លែងរបស់លោក សម រង្សី បែបនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ” សួរថាអ្នកណាទៅរំខានគាត់ទៅព្យាបាទគាត់ ខ្លួនគាត់ទេជាអ្នកព្យាបាទខ្លួនឯង។ បើគាត់កុំប្រព្រឹត្តល្មើសច្បាប់ទៅតើមានដីកាតុលាការឯណាទៅតាមចាប់គាត់? ហើយថាអ្នកចេញដីកាអ្នកតាមចាប់គឺជាជនកំសាក ខ្លួនគាត់ទេដែលជាជនកំសាកនោះដែលមិនហ៊ានទទួលខុស ត្រូវចំពោះមុខច្បាប់ ហើយអួតថាខ្លួនឯងហ្នឹងថាជាអ្នកស្នេហាជាតិ នេះជាបញ្ហាសំខាន់ដែលគេមើលឃើញគ្រប់គ្នា “ ។
គួររំឭកថា កាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ថា៖ “ ខ្ញុំសូមផ្តាំត្រឡប់ទៅវិញ បើខ្ញុំចុះហត្ថលេខាលើកលែងទោស ខ្ញុំនឹងកាត់ដៃខ្លួនឯងចោល។…អញ្ចឹងខ្ញុំសូមផ្តាំទៅវិញ បើលើកទីបី ខ្ញុំនឹងកាត់ដៃខ្លួនឯងក្រវាត់ចោល ”។
ទោះជាយ៉ាងណាក្តី មេដឹកនាំបក្សប្រឆាំងរូបនេះបានលើកឡើងនូវទ្រឹស្តីដែលលោកធ្លាប់ប្រើកាលពីអំឡុងមុនពេលបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០១៣ ថា ការបោះឆ្នោតនៅកម្ពុជាអាចទទួលយកបាន ទាល់តែមានវត្តមានរបស់ប្រធានគណបក្សប្រឆាំង៕