កុមារ​ជន​ស្វែង​សិទ្ធិ​ជ្រកកោន​ជាង​១​ម៉ឺន​នាក់​បាត់​ខ្លួន​នៅ​អឺរ៉ុប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2016 ក+ ក-

​អឺរ៉ុប​៖​យោងតាម​ទីភ្នាក់ងារ​ប៉ូលិស​អឺរ៉ុប Europol និយាយថា កុមារ​ជន​ស្វែង​សិទ្ធិ​ជ្រកកោន​ដែល​មិនមាន​ចាស់ទុំ​នៅ​ជាមួយ​ជាង​១​ម៉ឺន​នាក់​បាន​បាត់​ខ្លួនដោយ​គេសង្ស័យ​ថា ពួកគេ​ជាច្រើន​ត្រូវគេ​ឆក់យក​ទៅ​បម្រើ​នៅក្នុង​ឧស្សាហកម្ម​ផ្លូវភេទ ឬក៏​ពាណិជ្ជកម្ម​ទាសករ​។​
​លោក Brian Donald នាយក​ខុទ្ទកាល័យ​នៃ​ទីភ្នាក់ងារ​ប៉ូលិស​អឺរ៉ុប​បន្តថា កុមា​រទាំង​នោះបាន​បាត់​ខ្លួន​ពី​ប្រព័ន្ធ​របស់គេ​ក្រោយពី​បាន​ចុះឈ្មោះ​ជាមួយ​អាជ្ញាធរ​រដ្ឋ​នីមួយៗ​បន្ទាប់ពី​បានធ្វើ​ដំណើរ​ទៅដល់​អឺរ៉ុប​។​លោក​បញ្ជាក់ថា គេ​មាន​ភស្ដុតាង​អំពី​រចនាសម្ព័ន្ធ​ឧក្រិដ្ឋជន​ដែល​គេ​បាន​បង្កើតឡើង ក្នុងពេល​១៨​ខែ​មុននេះ​ដើម្បី​កេងប្រវ័ញ្ច​លើ​បញ្ហា​លំហូរ​ចូល​នៃ​ជន ស្វែង​សិទ្ធិ​ជ្រកកោន​ទៅ​អឺរ៉ុប​។​
​បើ​យោងតាម​កាសែត​អង់គ្លេស​មួយ​បាន​រាយការណ៍​ថា ប៉ូលិស​អឺរ៉ុប​បាន​រកឃើញ​ទំនាក់ទំនង​រវាង​ក្រុម​រត់ពន្ធ​មនុស្ស និង​ក្រុម​ជួញដូរ​មនុស្ស​ដោយ​កេងប្រវ័ញ្ច​ពួកគេ​យកទៅ​ធ្វើការ​នៅ​ឧស្សាហកម្ម​ផ្លូវភេទ និង​ទាសភាព​។​
​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៥​កន្លង​មាន​ជនភៀសខ្លួន និង​ជនអន្ដោប្រវេសន៍​ជាង​១​លាន​នាក់​បាន​ចាក​ចេញពី​សង្គ្រាម​នៅក្នុង​ស៊ី​រី ដោយ​ធ្វើដំណើរ​ចូលទៅ​អឺរ៉ុប ក្នុងនោះ​ប៉ូលិស​អឺរ៉ុប​ប៉ាន់ប្រមាណ​ថា​មាន​២៧%​ជា​កុមារ​៕

7129118-3x2-700x467